ខេត្តពោធិ៍សាត់ ៖ ផ្ទះឈើចំនួន១ខ្នង ទំហំ ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា បណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ទើបឆ្លងចរន្តអគ្គីសនី ម៉្យាងមួយទៀតផ្លូវស្ពានមានផលលំបាកខ្លាំងក្នុងការជួយអន្តរាគមន៍ ពីក្រុម មន្រ្តីរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាកានផងដែរ។
ហេតុការណ៍ខាងលើបង្កកាភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២១ និង៣៥នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានប្រាប់ថា ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះខាងលើជាប្រភេទឈើសសរថ្ម ទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដំបូលប្រក់ស័ង្សសី ជញ្ជាំងបាំងក្តា និងរនាបក្រាលក្តា ហើយសម្ភារការខូចខាតរួមមាន ស្រូវចំនួន៤០០ គីឡូក្រាម ទូរទស្សន៍ចំនួន ០២គ្រឿង កង់ចំនួន ០១គ្រឿង ប្រាក់រៀលចំនួន ២០.០០.០០រៀល និងសម្ភារផ្សេងៗចំនួនធំ និយាយរួមគឺ(ឆេះអស់ទាំងស្រុង)តែម្តង ប៉ុន្តែទោះជាយ៉ាណាមិញពុំមានបណ្ដាលជនណាម្នាក់រងរបួសនោះទេ។
លោក វរសេនីយ៍ត្រីបន្តថា ម្ចាស់ផ្ទះឈ្មោះ ជុំ សុិញ ជាស្ត្រីមេម៉ាយ(រស់នៅតែម្នាក់ឯង)អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយនៅពេលអគ្គីភ័យឆាបឆេះកើតឡើងគាត់មិនបាននៅផ្ទះនោះទេ ពោលគាត់ភាគច្រើនដើរធ្វើបុណ្យធ្វើទានឬជួយធ្វើធម៌ក្នុងភូមិឬភូមិក្បែខាង ដូច្នេះហើយទើបហេតុការណ៍នេះកើតឡើងបណ្ដាលឲ្យរៀងមានយឺតបន្តិចក្នុងការរាយការណ៍ ក្នុងការជួយអន្តរាគមន៍។
លោក អធិការនគរបាលបន្តទៀតថា ផ្ទះអគ្គីភ័យឆាបឆេះមានចម្ងាយប្រមាណជាង ៥គីឡូម៉ែត្រមិនឆ្ងាយនោះឡើយ ប៉ុន្តែផលលំបាកខ្លាំងក្នុងកាជួយអន្តរាគមន៍ ពីក្រុមមន្រ្តីរថយន្តពន្លត់អគ្គីភ័យនោះ គឺផ្លូវជង្ហុកច្រើន ស្ពានឈើចាស់ទ្រុតទ្រោមរថយន្តឆ្លងមិងកើតចំនួន២កន្លែង ចំណែកផ្លូវវៀងផ្សេងៗជាប់បារាស់ដែកការពារទម្ងន់ផ្លូវទៅមិនរួច ដូច្នេះបញ្ហាយឺតយាវក្នុងការជួយអន្តរាគមន៍ ទី១ ការរាយការណ៍មានការយឺតយាវ និងទី២ផ្លូវស្ពាន ៕ ប៉ឹមពិន













