សារព័ត៌មាន Washingon Post កាល ពីថ្ងៃទី១៩ ខែកុម្ភៈបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា អាមេរិកនឹងស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ទៅ កាន់អាមេរិកពិភាក្សាពីវិវាទរបស់ប្រទេសទាំង២។
នេះជាលើកទី១ហើយដែលអាមេរិក និងកូរ៉េខាងជើងពិភាក្សាគ្នានៅលើទឹកដីអាមេរិកផ្ទាល់ ក្នុងរយៈពេលជាង៥ឆ្នាំ កន្លងមក គឺចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់តំណែងដឹកនាំកូរ៉េខាងជើង។ កិច្ចពិភាក្សាខាងលើមានឈ្មោះថា «ផ្លូវលំ១.៥»ធ្លាប់បានពិភាក្សានៅក្នុងប្រទេសម៉ាឡេស៊ី បែលហ្សុិក អាល្លឺម៉ង់ ម៉ុងហ្គោលី ជាដើម។
កិច្ចពិភាក្សាជាថ្មីនេះ ស្ថិតនៅក្នុង ដំណាក់កាលត្រៀមលក្ខណៈ។ ទីតាំង ដែលត្រូវពិភាក្សាអាចស្ថិតនៅទីក្រុងញូវយ៉ក ហើយពេលវេលាពិភាក្សាអាចនឹង១ឬ២សប្តាហ៍ខាងមុខ។
អ្នកដឹកនាំគណៈប្រតិភូកូរ៉េខាងជើងទៅកាន់អាមេរិកគឺលោកស្រី Choe Son Hui អគ្គនាយកទទួលបន្ទុកបញ្ហាអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង។ លោកស្រី Choe Son Hui ធ្លាប់ចូលរួម ពិភាក្សាជាមួយមន្ត្រីអាមេរិកជាច្រើនលើកមកហើយ ក្នុងនោះមានទាំងកិច្ចពិភាក្សា៦ភាគីស្តីពីកម្មវិធីបរមាណូផងដែរ។ លោក ស្រី Choe son Hui អាចទាក់ទងដោយផ្ទាល់ ជាមួយលោក គីម ជុងអ៊ុន និងទទួលបទ បញ្ជាពីលោកផ្ទាល់ នៅក្នុងកិច្ចពិភាក្សា។
សារព័ត៌មានរ៉យទ័របានផ្សាយថា ព័ត៌មានស្តីពីកិច្ចពិភាក្សាលើកនេះ បាន បង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងជើងមាន បំណងចង់បង្កើនទំនាក់ទំនងជាមួយអាមេរិក ឡើងវិញក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។
កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម ធ្វើឲ្យសហគមន៍អន្តរជាតិថ្កោល ទោសយ៉ាងខ្លាំង ហើយបង្កើនការដាក់ ទណ្ឌកម្មទៅលើប្រទេសនេះផងដែរ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា កូរ៉េខាងជើងគឺជា បញ្ហាក៏ធំ ហើយយើងនឹងទប់ទល់ដោយ មិនមានការយោគយល់ឡើយ។
ពាក់ព័ន្ធនឹងការបាញ់មីស៊ីលនោះដែរ ចិនក៏មិនអាចនៅស្ងៀមទុកឲ្យសហគមន៍អន្តរជាតិថ្កោលទោសចិន ថាជាអ្នកជួយ ដល់កម្មវិធីបរមាណូកូរ៉េខាងជើង។ នៅ ពេលនេះចិនបានសម្រេចចូលរួមដាក់ ទណ្ឌកម្មជាមួយសហគមន៍អន្តរជាតិ។ កាលពីថ្ងៃ១៩ ខែកុម្ភៈ ចិនបានប្រកាស ផ្អាករាល់គ្រប់ការនាំចូលធ្យូងថ្មមកពី ប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃអាទិត្យទី ១៩ ខែកុម្ភៈនេះ។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការផ្អាកការនាំចូលមានសុពលភាពភ្លាម និងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តែក្រសួងមិនបានផ្តល់ហេតុផល និង ការពន្យល់បំភ្លឺអ្វីទាំងអស់ទាក់ទងនឹងការ សម្រេចចិត្តរបស់អាជ្ញាធរក្រុងប៉េកាំង។ បើតាមភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ កាលពីសប្តាហ៍មុនបានគូស បញ្ជាក់ថា កាមីញ៉ុងដឹកធ្យូងថ្មមកពីកូរ៉េ ខាងជើងជាច្រើនត្រូវបានបណ្តេញចេញ មិនឱ្យឡើងចតចូលកំពង់ផែចិន វ៉េនហ្ស៊ទេ។
វិធានការនេះធ្លាក់មកក្រោយការបាញ់សាកល្បងមីស៊ីលបាលីស្ទីករបស់កូរ៉េខាង ជើងតែ១សប្តាហ៍ប៉ុណ្ណោះ និងក្រោយពី ក្រុមប្រឹក្សាសន្តិសុខបានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យសមាជិកក្រុមប្រឹក្សា ទាំងអស់ប្រឹងប្រែងអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។
សូមបញ្ជាក់ថា ចិនធ្លាប់បានប្រកាស កាលពីខែមេសា ឆ្នាំ២០១៦ ថានឹងផ្អាក ការនាំចូលរ៉ែធ្យូងថ្ម ដើម្បីជាការអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើរបបព្យុងយ៉ាងកុំឱ្យមានចំណូលទៅ បំប៉នកម្មវិធីនុយក្លេអ៊ែរ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ចិនក៏បានផ្អាកការនាំចូលរ៉ែធ្យូងថ្មពីព្យុងយ៉ាងម្តងរយៈពេល២០ ថ្ងៃក្រោយពេលដែលក្រុមប្រឹក្សាសន្តិសុខ ចេញសេចក្តីសម្រេចចិត្តចង់កម្រិតការនាំធ្យូងថ្មត្រឹម ៤០០,៩លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៧ទៅ ពោលគឺ៦០ភាគរយ តិចជាងឆ្នាំ២០១៥។
នៅក្នុងឆ្នាំ២០១៦ កូរ៉េខាងជើងជា ប្រទេសផ្គត់ផ្គង់រ៉ែធ្យូងថ្មឱ្យចិនលំដាប់ទី៤ ដោយបានលក់មកចិននូវធ្យូងថ្មប្រមាណ ២២,១៨លានតោន ពោលគឺមានកំណើន ១៤,៥ភាគរយ បើប្រៀបទៅនឹងឆ្នាំ២០១៥៕
ប្រែសម្រួល៖ ម៉ែវ សាធី











