ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់ថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនបន្ទាប់ពីឪពុកជនសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ចថាកូនរបស់គាត់កំពុងនាំមិត្តភក្តិមកជក់ដល់ផ្ទះ កាលពីវេលាម៉ោង៥នាទីទៀបភ្លឺថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀន១០កញ្ចប់។
ជនសង្ស័យទី១-ឈ្មោះ ងិន ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះកន្លែងកើតហេតុ។ ទី២-ឈ្មោះ គឹម ហុក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងពុម្ពសម្លៀកបំពាក់ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះងិន សេងធី ដែលជាឪពុកឈ្មោះងិន ថៃ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កូនរបស់គាត់បាននាំមិត្តភក្តិមកជក់ថ្នាំញៀនដល់ផ្ទះតែម្តង។ បន្ទាប់ពីទទួលដំណឹងរួចសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូចទើបធ្វើការឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះងិន ថៃ ធ្លាប់ចូលមណ្ឌលកែប្រែចំនួន៣ដងមកហើយ តែនៅតែមិនកែប្រើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕ សុខាសែនជ័យ
...