ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ មានជំងឺផ្តាសាយ ជិះម៉ូតូទៅឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាល ក៏ត្រូវគ្រូពេទ្យចាក់ថ្នាំអស់២ម្ជុល ស្រាប់ តែប្រកាច់ត្រដខ្យល់ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។
បើតាមស្ត្រីឈ្មោះផាង សារ៉ាន អាយុ៥០ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា ប្តីគាត់ដែលស្លាប់ឈ្មោះ ព្រាប សុវណ្ណ អាយុ៤៤ឆ្នាំ ជាអ្នកបើករថ យន្តដឹកកម្មករស្វាយជ្រំ-បាវិត។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ប្តីគាត់មានជំងឺផ្តាសាយជាងមួយអាទិត្យមកហើយ ប៉ុន្តែនៅតែបើកបររថយន្តដឹកកម្មកររាល់ថ្ងៃបាន។ លុះនៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណជា៦ និង២០នាទីល្ងាចដដែល ប្តីគាត់បានប្រាប់កូនថា ឪមិនស្រួលខ្លួនទេ ក៏ជិះម៉ូតូទៅផ្ទះពេទ្យបង្កហេតុឈ្មោះសុខ ហ៊ិន ភេទប្រុស អាយុ៧១ឆ្នាំ ជាអតីតពេទ្យចូលនិវត្សនៅភូមិជាមួយគ្នា ចម្ងាយជិត១គីឡូម៉ែត្រ ដើម្បីអោយពិនិត្យព្យាបាល ស្រាប់តែម៉ោងប្រមាណជា៦ និង៤០នាទីល្ងាច កូនប្រុសគ្រូពេទ្យទូរសព្ទ័ហៅរូបគាត់ជាប្រពន្ធថា បងស្រីជួយទៅមើលបងប្រុសផងមិនដឹងយ៉ាងម៉េចទេមុខឡើងខ្មៅអស់ហើយ។គ្រាន់តែឮដូច្នេះភ្លាមកូនៗក៏បានបើករថយន្តទៅមើល តែឪពុកបានស្លាប់បាត់ទៅហើយ ប៉ុន្តែប្រពន្ធកូនមិនអស់ចិត្ត បានលើកជនរងគ្រោះដាក់លើរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយជ្រំ ដើម្បីសង្គ្រោះ ក៏ប៉ុន្តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ ជនសង្ស័យជាគ្រូពេទ្យ បានរត់គេចខ្លួនស្រមោល ហើយសមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕ ដោយ ៖ យឹម សុថាន