បំប៉នគ្រូជម្រើសជាតិមុនចូលជំរំហ្វឹកហាត់ត្រៀមចេញទៅស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាបានបើកវគ្គបំប៉នស្តីពីការរៀបចំផែនការហ្វឹកហាត់របស់គ្រូជម្រើសជាតិកម្ពុជា ដើម្បីពង្រឹងគុណភាពហាត់ហ្វឹកហ្វឺនដល់កីឡាករកីឡាការិនីរបស់ខ្លួនមុនចូលជំរំ ប្រមូលផ្តុំត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនាចុងឆ្នាំ២០១៧នេះ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា វគ្គបំប៉នគ្រូបង្វឹកជម្រើសជាតិឆ្នាំនេះមាន១១០នាក់ ក្នុងនោះ៤៥នាក់ជាគ្រូបង្វឹកនិងគ្រូជំនួយ កម្រិតថ្នាលមកពី២០សហព័ន្ធកីឡាជាតិ និង៦៥នាក់ជាគ្រូបង្វឹកនិងគ្រូជំនួយឈុតធំមកពី២៧សហព័ន្ធកីឡាជាតិ ។ លោក បានបន្តថា ក្នុងគោលដៅសំខាន់ គឺដើម្បី បង្កើនកម្រិតសមត្ថភាពរបស់គ្រូបង្វឹកគ្រប់ប្រភេទកីឡា និងបន្តហ្វឹកហាត់ដល់កីឡា ករកីឡាការិនីនានាឲ្យប្រសើរឡើងសម្រាប់ ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី និងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានាដូចជាការប្រកួតព្រឹត្តិការណ៍ប្រទេសនិយាយភាសាបារាំង, កីឡាយុទ្ធសិល្ប៍ក្នុងសាល និងព្រឹត្តិការណ៍ ប្រកួតអន្តរជាតិជាច្រើនទៀត ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថា វគ្គបំប៉ននេះ គឺជាការខិតខំរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា ដែលមាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាសេនាធិការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រមទាំងសហព័ន្ធកីឡាជាតិទាំងអស់ដើម្បីបើកយុទ្ធនាការប្រមូលផ្ដុំ កីឡាករកីឡាការិនី។ គ្រូបង្វឹកគ្រូជំនួយ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ពន្យល់ អប់រំទ្រឹស្តី និងការអនុវត្តផ្ទាល់ឲ្យយល់ដឹងបន្ថែមពីតួនាទីរៀងៗខ្លួន ដូច្នេះគ្រូបង្វឹក គ្រូជំនួយត្រូវចេះរៀបចំផែនការស្តីពីការ បង្វឹកដល់កីឡាករ កីឡាការិនីរបស់ខ្លួន ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំលោក តែងតែបានចំណាយពេលវេលាមកចូល រួមធ្វើបទបង្ហាញដើម្បីពន្យល់ ណែនាំនូវរឿងរ៉ាវខ្លះដែលកើតឡើងក្នុងវិស័យកីឡាពាក់ព័ន្ធនឹងរបត់កីឡាថ្មីៗ ប្រយោជន៍ឲ្យគ្រូបង្វឹក ទាំងអស់អាចយកទៅអនុវត្ត ក្នុងផែនការហាត់ហ្វឹកហ្វឺនប្រកបដោយគុណអាវុឌ្ឍិនិងគុណផលឲ្យទទួលបានគុណភាពខ្ពស់នៅថ្ងៃអនាគតពិសេសស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី ។

សូមបញ្ជាក់ថា ប្រធានបទដែលត្រូវលើកយកមកបង្ហាត់បង្រៀនក្នុងវគ្គនេះរួមមាន ការរៀបចំផែនការហ្វឹកហាត់, ការអនុវត្ត ផែនការ, បទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងក្រុមជម្រើសជាតិ, នីតិវិធីនៃការផ្លាស់ប្ដូរគ្រូបង្វឹកកីឡាករ-កីឡាការិនីជម្រើសជាតិ, ការវាយតម្លៃក្នុងសៀវភៅតាមដាន, របប ចំណីអាហារ, វិធីសាស្ត្រ និងចិត្តសាស្ត្រ, ការយល់ដឹងពីសរីរាង្គកាយនិងចលនាការយល់ដឹងពីអនាម័យកីឡាការសង្គ្រោះបឋមការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា និងការព្យាបាលដោយចលនាជាដើម ៕ សារីម

...

sarim (3) sarim (2) sarim (1) sarim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print