លោក Jose Castroប្រធានក្លិប Sevillaបានបញ្ជាក់ថាក្រុមរបស់លោកបានយល់ព្រមឲ្យគ្រូបង្វឹក Jorge Sampaoli បន្តកុងត្រាថ្មីរយៈពេល១ឆ្នាំបន្ថែមទៀត ខណៈ ដែលកុងត្រាចាស់នឹងត្រូវចប់ក្នុងឆ្នាំ ២០១៨ ។
បន្ទាប់ពីចាកចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិឈីលីលោក Jorge Sampaoli បានមកដឹកនាំក្រុម Sevilla ក្នុងក្រប ខ័ណ្ឌអេស្ប៉ាញ La Liga ហើយបានដឹក នាំក្រុមនេះឈរលេខរៀងទី៣តាមពីក្រោយក្រុមខ្លាំងលេខ២ Barcelona និងលេខ១ Real Madrid យ៉ាងប្រកៀកប្រកិតបំផុត។
ស្របពេលដែលមានព័ត៌មានលេចឮ ថា មានចំណាប់អារម្មណ៍ពីក្លិប Barcelona ទៅលើគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Jorge Sampaoli លោក Jose Castro បានចេញ មកបញ្ជាក់ថា “យើងចង់ឲ្យ Sampaoli បន្តនៅទីនេះទៀត។ ការលេងរបៀបវាយប្រយុទ្ធរបស់គាត់ធ្វើឲ្យពួកយើងសប្បាយចិត្តនឹងទម្រង់នេះណាស់ហេតុដូចនេះយើងបានផ្តល់កិច្ចសន្យាថ្មីឲ្យគាត់មួយឆ្នាំទៀត” ។
ប្រធានក្លិបSevillaក៏បានបញ្ជាក់បន្ថែមថា យោងទៅតាមកិច្ចសន្យាថ្មីនេះប្រសិនបើក្លិបណាចង់បានលោក Jorge Sampaoli ពួកគេត្រូវចំណាយលុយ១,៥លានអឺរ៉ូ ៕ ដេវីត