ខេត្តកំពង់ចាម ៖ ក្រោយពីសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានបើកកិច្ចប្រជុំស្ដីពីវិធានការ អនុវត្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសរួចមកគេសង្កេតឃើញថា មាន ទីតាំងកត់ឆ្នោតកន្ទុយលេខជាច្រើនកន្លែង នៅពេញក្រុងកំពង់ចាមកំពុងបើកលេង យ៉ាងរលូន ដោយគ្មានចាត់ចំណាត់ការ ឬ អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពពីសំណាក់មន្ត្រីជំនាញធ្វើការចុះបង្ក្រាបឡើយ ។
ជាក់ស្តែងទីតាំងឆ្នោតកន្ទុយលេខ ដែលគេស្គាល់ម្ចាស់ឈ្មោះ ចែមុំ ដែលកំពុងបើកយ៉ាងរលូននៅតូបក្រោយសាលាមហោស្រព ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ ចាម ក្រុងកំពង់ចាមតែម្តង ។ រាល់ល្ងាច ចាប់ពីម៉ោង២រសៀលទៅដល់ម៉ោង៤កន្លះ គេតែងតែឃើញមានមនុស្សជាច្រើនមិន ថា ចាស់ឬក្មេងជិះម៉ូតូជិះរថយន្តមកចាក់ ឆ្នោតដោយគ្មានញញើតសមត្ថកិច្ចឡើយ ។
ប្រពលរដ្ឋនៅក្បែរនោះបានសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតខាងលើផងព្រោះ វាបានធ្វើឲ្យប៉ះពាល់ដល់សង្គមគ្រួសារ ហើយវាអាចកើតមានអំពើលួច ប្លន់ ឬប្រើអំពើហិង្សារក្នុងគ្រួសារផងដែរ ។
គួររំឮកថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅថ្មី ស្នងការខេត្តកំពង់ចាម បានចុះបង្ក្រាបចាប់អ្នកកត់ឆ្នោតម្នាក់ ដែលជាកូន កញ្ចែងមានឈ្មោះ ហ័ង ភេទប្រុស រស់ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះ សូទិន ប៉ុន្តែចំពោះមេធំៗ មិនដែលឃើញមានសមត្ថកិច្ចណាបង្ក្រាបឡើយ ។
ករណីនេះ លោក ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារសារព័ត៌មានថាលោកនឹងរកវិធានចុះបង្ក្រាប ចំពោះទីតាំងកត់ឆ្នោតទាំងនោះឲ្យខានតែបានទោះបីជាត្រូវបំបែកឆ្នាំងបាយខ្លួនឯងក៏ដោយ ៕ ហេង នរិន្ទ្រ