ភ្នំពេញ៖ ដំណឹងនៃការមើលមុខគ្នា លែងចំរបស់យ៉ែម សំអូន និងអេឡិច ចិន្ត្រាបានផ្ទុះកក្រើកជាថ្មីក្រោយពីមាន ការលើកឡើងថា អេឡិច ចិន្ត្រា បានដាក់បម្រាមមិនឲ្យតារាចម្រៀងដែលច្រៀងក្នុងក្រុមរបស់លោកចេញទៅច្រៀងឲ្យក្រុមយ៉ែម សំអូន។ ទោះជាយ៉ាងណាដំណឹងនេះត្រូវបានអេឡិច ចិន្ត្រា ធ្វើការច្រាន ចោលនិងចាត់ទុកថាមានមនុស្សញុះញង់ឲ្យលោក និងលោក យ៉ែម សំអូន ទាស់ ទែងគ្នា។
បន្ទាប់ពីលេចចេញដំណឹងនេះបង្កើត ឲ្យមានការជជែកគ្នារហូតដល់មានការប្រតិ កម្មពីសិល្បករមួយចំនួន ក្នុងនោះអ្នក នាង ចន ច័ន្ទលក្ខិណា ក៏ចេញមុខរិះគន់លោក អេឡិច ចិន្ត្រាផងដែរ។
ឆ្លើយឆ្លងតាមសារ អេឡិចត្រូនិក ពីប្រទេសអូស្ត្រាលីមកថាលោកមិនបានបង្កផលប៉ះពាល់ណាមួយពាក់ព័ន្ធនឹងលោកយ៉ែម សំអូន នោះទេ ពិសេសពាក្យហាមប្រាមណាមួយជុំវិញ ឃាត់តារាចម្រៀងមិនឲ្យឆ្លងទៅច្រៀងឲ្យក្រុមលោកយ៉ែម សំអូន បើទោះបីជាលោក និងលោកយ៉ែម សំអូន មានអាជីវកម្មដូចគ្នាក្នុងការរៀបចំ ពិធីការនិងទទួលរៀបចំក្រុមតារាចម្រៀងក្តី។ លោកបានបន្ថែមថា លោកមិនបានហាមហើយក៏គ្មានសិទ្ធិក្នុងការដាក់បម្រាមឲ្យតារាចម្រៀងនានាចេញទៅច្រៀងនៅទីណាដែរព្រោះតែលោកមិនបានបើកក្រុមហ៊ុនឬ មានប្រាក់ខែបើកឲ្យតារាចម្រៀងទាំងនោះទេដូចនេះពួកគាត់អាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើស។ លោកបន្តទៀតថា ការលើកឡើងថាលោកផ្តល់ប្រាក់កម្រៃទាបបំផុតឲ្យសិល្បករដែល មកច្រៀងនៅក្រុមលោកគឺលោកកាន់តែច្រានចោលថា មិនមែនជាការពិត។ លោកថា តម្លៃគឺមិនទាបហើយក៏មិនខ្ពស់ពេកដូចការចេញទៅច្រៀងប្រគុំតន្ត្រីដែរព្រោះវាគឺជាកម្មវិធីមង្គលការឬជបលៀងដូចនេះតារាចម្រៀងមិនអាចច្រៀងបានរាប់ពាន់ដុល្លារអាមេរិកទេ។
លោកពិតជាមានការសោកស្តាយ ចំពោះការយល់ច្រឡំ និងបង្កឲ្យមានការ រីករាលដាលទំនាស់ទៅកាន់សិល្បករ ផ្សេងទៀត ហើយលោកពិតជាចង់បញ្ជាក់ ដែរថា មិនដែលមានចេតនាកាច់កុងឬ ច្រណែនឈ្នានីសសិល្បករណាទេបើ ទោះបីជាយើងមានអាជីពដូចគ្នាក៏ដោយ។ លោកក៏ស្នើដល់អ្នកឈ្នានីសនិងមាន បំណងចង់ឲ្យលោកនិងលោក យ៉ែម សំអូន មើលមុខគ្នាលែងចំសូមបញ្ឈប់ទៅ។
លោកបានបញ្ជាក់ថា លោកមិនដែលមានគំនិតទៅកាច់កុងណាមួយជាមួយតារា សិល្ប:ដូចគ្នានោះទេ ហើយលោកបាន ចាត់ទុកថាការលើកឡើងខាងលើគឺជាការមួលបង្កាច់របស់អ្នកទីបីដែលមានចេតនា ឲ្យលោក និងលោក យ៉ែម សំអូនមើលមុខ គ្នាលែងចំ៕ វឌ្ឍនា