អាជ្ញាធរខណ្ឌដូនពេញព្រមានអ្នកផ្ញើកង់ម៉ូតូផ្សារធំថ្មីប្រើពាក្យ«អា​អ្នក​សរសេរ​ផ្ញើកង់ម៉ូតូ​៣០០រៀល​វាងាប់​បាត់​ហើយ»

ចែករំលែក៖

ភ្នំពេញ៖ កន្លែងផ្ញើកង់ម៉ូតូមួយកន្លែងនៅខាងកើតផ្សារធំថ្មីបានកើតមានភាពចម្រូងចម្រាសរវាងអតិថិជននិងម្ចាស់អាជីវកម្មដោយនៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅនេះក្នុងពេលអតិថិជនយកម៉ូតូទៅផ្ញើហើយបានទារលុយអាប់ តែម្ចាស់អាជីវកម្មមិនព្រមអាប់ទើបអតិថិជនតវ៉ាប្រាប់ ថា ស្លាកសរសេរបិទតម្រូវឱ្យយកតែ៣០០រៀលទេ ម៉េចមិនអាប់?បែរជាម្ចាស់អាជីវកម្មផ្ញើម៉ូតូឆ្លើយថា« អាអ្នកសរសេរនោះ វាងាប់បាត់ហើយ» ។

ភាពចម្រូងចម្រាសនេះបានឮដល់អាជ្ញាធរខណ្ឌដូនពេញក្តៅស្លឹកត្រចៀកង៉ឺង ព្រោះគិតថាអ្នកតម្រូវឲ្យសរសេរនិងយកលុយតាមសៀវភៅបន្ទុកនោះ គឺជាលោកអភិបាលរាជធានី ភ្នំពេញ ដូច្នេះហាក់មាក់ងាយថ្នាក់ដឹកនាំពេកហើយ ។

ទង្វើនេះបានធ្វើឲ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ធ្វើការព្រមានលុបចោលកិច្ចសន្យា ឬក៏បញ្ឈប់អាជ្ញាបណ្ណតែម្តង ចំពោះអ្នកទទួលបន្ទុកម៉ៅការភាស៊ីរថយន្ត និងម៉ូតូនៅផ្សារធំថ្មី ដោយលោកមានប្រសាសន៍ថា ប្រសិនបើពួកគេនៅតែយកភាស៊ីលើសតម្លៃកំណត់ ក្នុងកិច្ចសន្យា(សៀវភៅបន្ទុក) និងប្រើពាក្យសម្តីមិនសមរម្យទៅលើអតិថិជនបន្តទៀតនោះ  ។

លោក សុខ ពេញវុធ បានឲ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ កុម្ភៈឆ្នាំ២០១៧ លោកបានកោះហៅ លោក ស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងអ្នកទទួលបន្ទុកម៉ៅការភាស៊ីរថយន្ត-ម៉ូតូ ដើម្បីសាកសួរព័ត៌មាន បន្ទាប់ពីមានពាក្យលោកទទួលបណ្តឹង ពីអតិថិជនថា មានការយកភាស៊ីលើសតម្លៃកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានប្រើសម្តីមិនសមរម្យទៅលើអតិថិជនដែលបានទៅផ្ញើរថយន្ត-ម៉ូតូនៅផ្សារធំថ្មីនោះ ។

លោកអភិបាលខណ្ឌបញ្ជាក់ថារឿងនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ គឺមានអតិថិជនបានយកម៉ូតូទៅផ្ញើនៅផ្សារធំថ្មីជ្រុងខាងកើត លុះពេលយកម៉ូតូវិញ ម្ចាស់អាជីវកម្មទារលុយ៥០០រៀល ខណៈដែលមានការបិទស្លាកតម្រូវឱ្យយកតែ៣០០រៀលប៉ុណ្ណោះ គឺលើសសៀវភៅបន្ទុករបស់រដ្ឋបាលរាជធានីភ្នំពេញ ។ក្នុងពេលនោះអតិថិជនបានទារលុយអាប់ ព្រមទាំងប្រាប់ថា ស្លាកសរសេរបិទតម្រូវឱ្យយកតែ៣០០រៀលប៉ុណ្ណោះ តែម្ចាស់អាជីវកម្មផ្ញើម៉ូតូបានឆ្លើយតបវិញថា« អាអ្នកសរសេរនោះ វាងាប់បាត់ហើយ» លោកបន្តថា ម្ចាស់អាជីវកម្មផ្ញើម៉ូតូដែលមានវ័យក្មេងនោះ ពិតជាឈ្លើយណាស់ដែលប្រើសម្តីបែបនេះ ហើយចំពោះការបិទនោះមានតែអភិបាលរាជធានី និងអភិបាលខណ្ឌ ជាអ្នកបញ្ជាឱ្យបិទ ព្រមទាំងហ៊ានយកលើសការកំណត់សៀវភៅបន្ទុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ ដូច្នេះអាជ្ញាធរខណ្ឌ ត្រូវតែហៅគាត់មកព្រមានក្នុងពេលនេះកុំឲ្យប្រព្រឹតបែបនេះទៀត និងតម្រូវឲ្យគណៈកម្មការផ្សារធំថ្មី បើកការប្រជុំ និងធ្វើកំណត់ហេតុអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះម្ចាស់អាជីវកម្មផ្ញើម៉ូតូនោះ កុំឲ្យមានករណីបែបនេះកើតឡើងម្តងទៀត ហើយបើមាន ទៀត អាជ្ញាធរខណ្ឌដូនពេញ នឹងស្នើឲ្យដកអាជីវកម្មនោះហើយ ៕ ប្រាថ្នា

...

ភាស៊ីផ្សារថ្មី១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print