ខេត្តកណ្តាល ៖ បុរសជាប្តីដែលញៀននឹងប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធរបស់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ពុកឬស្សី ចុះធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ង៉ូវ ប៉ិច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវប្តីវាយបណ្តាលឲ្យរបួសបែកបបូរមាត់និងហើមមុខ ។ ចំណែកជន សង្ស័យជាប្តីឈ្មោះ ឡេង ជ្រុញ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។
សាក្សីបាននិយាយឲ្យដឹងថា កន្លងមកជនសង្ស័យជាប្តីធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារដោយវាយប្រពន្ធច្រើនលើក មកហើយ ក្នុងនោះធ្លាប់អប់រំចំនួន២ដងនៅប៉ុស្តិ៍នគរបាលពុកឬស្សីទៀងផង ។ ជាក់ស្តែងនៅពេលកើតហេតុស្ត្រី រងគ្រោះមកពីលក់ដូរ ។ លុះមកដល់ផ្ទះជនសង្ស័យមានសភាពស្រវឹងស្រាបាននិយាយទៅកាន់ប្រពន្ធថា ហ្អែង ពូកែប្តឹងប៉ូលីសណាស់ និយាយមិនទាន់ផុតពីមាត់ផង ក៏ស្ទុះទៅវាយប្រពន្ធជាច្រើនដៃត្រូវមុខត្រូវដើមទ្រូង បណ្តាលឲ្យមានរបួសស្នាបបែកបបូរ និងហើមមុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សីចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកបន្តអនុវត្តតាមនីតិវិធី ៕ ស្អាងជ័យ