ភ្នំពេញ៖ កូនប្រុសតារាកំប្លែងល្បីឈ្មោះលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយនៃប្រទេសថៃកាលពីពាក់កណ្តាលខែមុន។ តារាកំប្លែងរូបនេះបញ្ជាក់ថា ស្ថានភាពជំងឺរបស់កូនប្រុសលោកហាក់បានប្រសើរជាងមុនច្រើនហើយបានវិលមកផ្ទះវិញកាលពីពីរសប្តាហ៍មុនម្ល៉េះ។
ក្នុងជំនួបក្នុងពិធីមង្គលការមួយនាមជ្ឈមណ្ឌលកោះពេជ្រកាលពីពេលថ្មីៗនេះលោកបានលើកឡើងថា កូនប្រុសរបស់លោកដែលមានជំងឺរបេងឆ្អឹងខ្នងនោះហាក់ធូស្បើយច្រើន ក្រោយពីស្នាក់ព្យាបាលនៅមន្ទីរពេទ្យឯប្រទេសថៃអស់ជាច្រើនសប្តាហ៍រួចមក។ លោកថា លោកសប្បាយចិត្តដែលកូនប្រុសមានសុខភាពប្រសើរជាងមុន ប៉ុន្តែត្រូវធ្វើការពិនិត្យតាមដានបន្តទៀតផងដែរ។ លោកថា កូនប្រុសលោកនឹងត្រូវសម្រាកព្យាបាលជំងឺមិនតិចជាងមួយខែទេ ដើម្បីធ្វើយ៉ាងណាកុំឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរនិងអាចឈានទៅរកការរីករាលដាលដល់ដល់ក្រពះ និងសួតនោះ។ លោកថា ក្រោយជួបជំងឺនេះកូនប្រុសលោកធ្វើទុក្ខខ្លាំងគឺក្អួតគ្រប់ពេលទទួលអាហារ។
លោកបញ្ជាក់ដែរថា ការធ្វើដំណើរមកកម្ពុជានៅពេលនេះគឺដើម្បីធ្វើការប្រមូលថវិកាមួយចំនួនដើម្បីគ្រប់គ្រងការចំណាយនានាបូករួមទាំងការស្នាក់នៅទីនោះផងដែរ៕ វឌ្ឍនា