នាពេលកន្លងនៅថ្មីៗ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ថា ប្រទេសរបស់លោកនឹង យកតំបន់គ្រីមៀមកវិញ ដោយមិនចាំបាច់ធ្វើសង្គ្រាមវាយប្រហារនោះឡើយឲ្យតែ អ៊ុយក្រែនក្លាយជាប្រទេសអ្នកមានក្នុង តំបន់ ពេលនោះពលរដ្ឋនៅគ្រីមៀនឹងបោះឆ្នោតវិលមករកអ៊ុយក្រែនវិញ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃអ៊ុយក្រែនលោក Arsen Avakov បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងគៀវមានគម្រោងដណ្តើមការគ្រប់គ្រងតំបន់គ្រីមៀ និង Donbass មិនចាំបាច់ចំណាយកម្លាំង។ ចំណែកមន្ត្រីការបរទេសអ៊ុយក្រែនវិញ ក៏ឡើងគម្រោងដូចគ្នានោះដែរក្នុងការ ដណ្តើមយកគ្រីមៀមកវិញ។ នៅក្នុង គម្រោងដណ្តើមគ្រីមៀដោយមិនចាំបាច់ធ្វើសង្គ្រាមបង្ហូរឈាមឡើយ គឺធ្វើយ៉ាងណាជួយឲ្យសេដ្ឋកិច្ចប្រទេសនេះរីក ចម្រើនក្លាយជាប្រទេសអ្នកមានក្នុងតំបន់ ពិសេសគឺជាប្រទេសមានជាងរុស្ស៊ី ពេលនោះពលរដ្ឋនឹងបោះបង់រុស្ស៊ីវិលមកអ៊ុយក្រែនវិញដើម្បីជីវភាពសុខសាន្ត។
ពាក់ព័ន្ធនឹងករណីនេះដែរប្រធានាធិបតីអ៊ុយក្រែន ក៏បានប្រកាសផងដែរថា នឹង ដណ្តើមយកតំបន់គ្រីមៀមកវិញ «ខ្ញុំមិនបោះបង់ពលរដ្ឋនៅតំបន់នោះឡើយ»។
ពាក់ព័ន្ធនឹងតំបន់គ្រីមៀនេះដែរ រដ្ឋា ភិបាលអាមេរិកបានស្នើឲ្យរុស្ស៊ីសងទៅឲ្យអ៊ុយក្រែនវិញតែត្រូវបានរុស្ស៊ីបដិសេធ។ ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញពីក្តី សង្ឃឹមឲ្យរុស្ស៊ីសងគ្រីមៀទៅឲ្យអ៊ុយក្រែនវិញ គឺជាសំណូមពរធ្ងន់ជាងកាលពីប្រធានាធិបតី អូបាម៉ា ទៅទៀត ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក ស្រី Maria Zakharova បានច្រានចោល សំណើខាងលើទាំងស្រុង ។
លោកស្រី Zakharova បានបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ថា «យើង នឹងមិនសងទឹកដីរបស់យើងទៅឲ្យអ្នកណាមួយឡើយ គ្រីមៀជារបស់រុស្ស៊ី » ។
នេះជាប្រតិកម្មដំបូងរបស់រុស្ស៊ីក្រោយ ពេលអ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានប្រកាសកាលពីថ្ងៃទី១៥ ខែ កុម្ភៈថា «ប្រធានាធិបតី ត្រាំ មានបំណង ចង់ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូសងតំបន់គ្រីមៀ ទៅឲ្យអ៊ុយក្រែនវិញដើម្បីបញ្ចប់ភាព តានតឹង។ លោក ត្រាំ សង្ឃឹមថា ក្រោយ ការសងគ្រីមៀ រុស្ស៊ីនិងអាមេរិក គ្មានអ្វីត្រូវ ខ្វែងគំនិតគ្នាឡើយ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរបំផុត។
ការដែលរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀចូលក្នុងការគ្រប់គ្រងរបស់ខ្លួនជាផ្លូវការ គឺជាការចាប់ផ្តើមឲ្យអាមេរិក និងបណ្តា ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទៅ លើប្រទេសរុស្ស៊ី។ តំបន់គ្រីមៀគឺជាផ្នែក មួយនៃទឹកដីរបស់រុស្ស៊ីកាលពីសតវត្សរ៍ទី១៨ ប៉ុន្តែតំបន់នោះស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ៊ុយក្រែនតាំងពីឆ្នាំ១៩៥៤។
នៅឆ្នាំ២០១៤ នៅពេលមានការធ្វើរដ្ឋប្រហារនៅអ៊ុយក្រែន រុស្ស៊ី ក៏បានលូកដៃ ជំរុញឲ្យមានការធ្វើប្រជាមតិរបស់ពលរដ្ឋ រស់នៅគ្រីមៀ ដែលភាគច្រើននិយាយ ភាសារុស្ស៊ី ក៏បានសម្រេចចូលជាមួយរុស្ស៊ី ដោយមានពលរដ្ឋដល់ទៅ៩៦ភាគរយ គាំទ្រ។ ប៉ុន្តែអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបមិនទទួលស្គាល់ឡើយ ដោយចាត់ ទុកថា ការដាក់គ្រីមៀចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ីគឺជារឿងខុសច្បាប់៕
ប្រែសម្រួល៖ ម៉ែវ សាធី