ក្រុម Leicesterម្ចាស់ជើងឯកអង់គ្លេសPremier Leagueលេងបានល្អឡើងវិញ ហើយដោយបានយកឈ្នះលើក្រុមខ្លាំង Liverpool ក្នុងលទ្ធផល 3-1 នៅក្នុងទឹកដី របស់ខ្លួនបន្ទាប់ពីបណ្តេញលោក Claudio Ranieriអ្នក ចាត់ការទូទៅចេញពីតំណែង។
ក្រោមការដឹកនាំរបស់លោកCraig Shakespeareអ្នកចាត់ការទូទៅបណ្តោះអាសន្ន Leicester បានបង្ហាញទម្រង់លេងល្អរបស់ខ្លួនចំពោះអ្នកគាំទ្រដោយគ្រាប់ទីមួយនៅនាទីទី២៨ កើតចេញពីខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy ដែលជាបាល់វាយបកលឿនៗ បន្ទាប់ពី Wijnaldum ធ្វើឲ្យខូចបាល់។ គ្រាប់ទីពីរកើតឡើងនៅនាទីទី៣៩ដោយខ្សែ បម្រើ Drinkwater ស៊ុតពីចម្ងាយយ៉ាងល្អ អស្ចារ្យ ។
ការប្រកួតចូលដល់តង់ទីពីរ Leicester នៅតែបន្តវាយសម្រុកនិងបន្ថែមបានមួយគ្រាប់ទៀតដោយ Vardy ដដែលតាមរយៈការលោតតែតបញ្ចូលទីនៅនាទីទី៦០។ Liverpool រកបានមួយគ្រាប់វិញដើម្បីលួងចិត្តអ្នកគាំទ្រនៅនាទីទី៦៨ដោយកីឡាករCoutinho ដែលបានអូសបាល់ស៊ុតដាច់ ចង្កេះអ្នកចាំទី Schmeichel របស់ម្ចាស់ផ្ទះ។
គួររំលឹកថា Ranieri ត្រូវបណ្ដេញចេញពីតំណែងក្រោយដឹកនាំ Leicester ចាញ់ Sevilla ១-២ នៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ហើយនៅ Premier League វិញក្រុមរហស្សនាមថា កញ្ជ្រោងមួយនេះស្ថិតនៅចំណាត់ថ្នាក់លេខ១៧ក្នុងតារាងប្រឈមមុខនឹងការធ្លាក់ទៅលីកលំដាប់ទី២ ។
បន្ទាប់ពីទទួលជ័យជម្នះរួចក្រុម Leicesterឡើងមកឈរទីសុវត្ថិភាពវិញគឺលេខរៀងទី១៥មាន២៤ពិន្ទុ ៕