ចិនបានប្រកាសថា អាមេរិក និងកូរ៉េ ខាងត្បូងនឹងត្រូវទទួលលទ្ធផលអាក្រក់ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារនៅលើទឹកដីកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានបញ្ជាក់ថា «ប្រព័ន្ធការពារមីស៊ីល THAAD នឹងធ្វើឲ្យជញ្ជីងយោធានៅទីនេះបាត់បង់តុល្យភាព និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្ថិរភាពនៅក្នុងតំបន់។
ពាក់ព័ន្ធនឹងការដាក់មីស៊ីលនោះដែរពីក្រសួងការពារជាតិបានឲ្យដឹងថា ក្រសួង ការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើកិច្ចសន្យាដោះដូរដីជាមួយនឹងក្រុមហ៊ុន Lotte ជាផ្លូវការ ហើយសម្រាប់ តំបន់ដែលនឹងត្រូវដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ដែល ស្ថិតនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេស កូរ៉េខាងត្បូង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។
តាមការលើកឡើងរបស់យោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទកន្លងទៅនេះបានឲ្យដឹងថា ប្រព័ន្ធខែលការពារគ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិកនឹងត្រូវដាក់ពង្រាយនៅ ក្នុងប្រទេសកូរ៉េខាងត្បូងទៅតាមគម្រោងដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងមីស៊ីលពីប្រទេសកូរ៉េខាងជើង បើទោះបីជា ការដាក់ពង្រាយខាងលើនេះមានការជំទាស់ ខ្លាំងពីទីក្រុងប៉េកាំងក៏ដោយ៕
ប្រែសម្រួល៖ ម៉ែវ សាធី