ខេត្តពោធិ៍សាត់៖ សពបុរសម្នាក់ត្រូវបានសាច់ញាតិនាំគ្នាមុជទឹករាវរក ជិត២០ម៉ោងទើបប្រទះឃើញ ខណៈត្រូវបានក្រុមគ្រួសារអះអាងថាបានបាត់ខ្លួននៅពេលទៅនេសាទ ក្រោយពីគាត់ផឹកសា្រតាំងព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រស្រវឹងជោកជាំហើយនោះ។
ហេតុការខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងទន្លេសា ត្រង់ចំណុចជ្រោយកំបុត ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ប៊ុននាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
លោក នាយប៉ុស្តិ៍នគរបាលបន្តថា តាមការបញ្ជាក់ពីក្រុមគ្រួសារ និងសាច់ញាតិនៃសាកសពប្រាប់ថា ជនរងគ្រោះហូបស្រាជាមួយបងប្អូន និងមិត្តភ័ក្រនៅផ្ទះ តាំងពីព្រលប់ ថ្ងៃទី២៧(មុនកើតហេតុ)រហូតដល់ពាក់កណ្ដាលអធ្រាត្រ លុះដល់វេលាម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ក៍បានក្រោកចេញទៅនេសាទ(រាយមង)ត្រង់ចំណុចកើតហេតុ គ្រានោះក៍បានបាត់ខ្លួនជនរងគោះមិនឃើញត្រឡប់មកផ្ទះ ក៍មានការសង្ស័យអាចលង់ទឹកខណៈទឹកក៍រលកខ្លាំង ម្យាងទៀតគាត់ក៍ស្រវឹងស្រាជោកជាំផងនោះ ក៍បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយទើបនាំគ្នាទៅជួយមុជទឹករាវរកទាំងពីព្រឹក រហូតដល់ល្ងាចទើបប្រទះឃើញសាកសពគួរឲ្យរន្ធត់។
លោក បន្តទៀតថា បន្ទាប់ពីអាជ្ញាធរមានសមត្តកិច្ចទទួលបានព័ត៌មាននេះ ក៍បានចាត់ចែងកម្លាំងសហការគ្នាចុះទៅធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផលការពិនិត្យលើខ្លួនប្រាណសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី៕ បឹុម ពិន