ខេត្តកណ្តាល ៖ មនុស្សប្រុស-ស្រី២នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកបុក នៅលើផ្លូវលេខ8 ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ត្រង់ចំណុចភូមិអន្លង់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ។
សាក្សីឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា គេឃើញរថយន្តមួយគ្រឿង មិនចាំម៉ាក បើកក្នុងល្បឿនលឿន ក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រៃវែង ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHondanធន់C125 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ0349 បើកបរដោយឈ្មោះវ៉ាន់ ឡូញ ភេទប្រុស អាយុ54ឆ្នាំ នៅភូមិពុកឬស្សីក្រោម ឃុំពុក ឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទិសដៅពីព្រៃវែងទៅភ្នំពេញ រួមដំណើរដោយឈ្មោះមឿន ធីម ភេទស្រី អាយុ54ឆ្នាំ នៅភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់ កណ្តាល ខេត្ត កណ្តាល ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលអោយរងរបួស២នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ប្រុស និងរបួសស្រាល ស្រី ចំណែកម៉ូតូរងការខូចខាតស្រាល ។ ដោយឡែករថយន្តបង្កហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល ។
ករណីនេះកំលាំងជំនាញកំពុងស្រាវជ្រាវស្វែងរកជនបង្កហេតុ ៕ ដោយ ៖ ស្អាងជ័យ