ភ្នំពេញ ៖ រហូតមកដល់ម៉ោង៧យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ទើបអគ្គីភ័យរលត់ទាំងស្រុង ។ ការសន្និដ្ឋានជំហានដំបូងផ្ទះប្រមាណ៤៥ខ្នង ត្រូវបានឆេះអស់ទាំងស្រុង និងប្រើឡានទឹកអស់ជិត១០០គ្រឿង ។
ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គីភ័យនេះ មានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ , នរគបាល , កងរាជអាវុធហត្ថ រួមទាំងកម្លាំងនគរ បាលពន្លត់អគ្គីភ័យជាច្រើនអង្គភាព បានសហការ ចូលរួមបាញ់ទឹកពន្លត់ភ្លាមៗផងដែរ ។
គួរបញ្ជាក់ថា ទីតាំងកើតហេតុនេះ គឺនៅក្បែរសណ្ឋាគារ River Palace ច្រកចូលភោជនីយដ្ឋានចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ។ អគ្គីភ័យនេះបានលេបត្របាក់ផ្ទះថ្មខាងក្រោមលើឈើប្រក់ស័ង្កសីជិត១០០ខ្នង ដោយឆេះស្ទើរទាំងស្រុង ។
មូលហេតុនៃការឆេះនេះ មានប្រភពខ្លះបាននិយាយថា គ្រោះអគ្គីភ័យនេះបណ្តាលមកពីផ្ទុះធុងហ្គាស ប្រភពខ្លះទៀតនិយាយថា អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក៏ប៉ុន្តែមិនមានប្រភពច្បាស់ការបញ្ជាក់អំពីមូលហេតុនៃគ្រោះអគ្គិភ័យខាងលើនេះឡើយ ៕ ជាយក្រុង