ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យការចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ នៅចំណុចទីតាំសិប្បកម្មកៃច្នៃឈើជាច្រើនកន្លែង ស្ថិតទល់មុខមជ្ឈមណ្ឌលកម្សាន្ត Rock ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះត្រួតពិនិត្យខាងលើនេះដែរធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ។
ជាលទ្ធផលសមត្ថកិច្ច បានរកឃើញជនជាតិវៀតណាមចំនួន១៨នាក់ ក្នុងនោះស្រី២នាក់ ពុំមានលិខិតឆ្លងដែននិងច្បាប់អនុញ្ញាតការងារត្រឹមត្រូវ ដូច្នេះហើយពួកគេត្រូវឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ៕ ស រស្មី
...