អាចារ្យកាតូលិកនៅប្រទេសឥណ្ឌា១រូប បានលើកលែងទោសឲ្យជនល្មើសនៅក្នុងការរំលោភបំពានផ្លូវភេទដោយលោកចាត់ទុកថាស្ត្រីនោះស្លៀកពាក់ លេចលើលេចក្រោមជាការដាស់អារម្មណ៍ផ្លូវភេទដល់ បុរសទើបមានការចាប់រំលោភដោយទ្រាំ មិនបាន។
អាចារ្យឈ្មោះ Sharlom ជាសាសានិកកាតូលិកបានរិះគន់ដល់ស្ត្រីស្លៀកខ្លី ទើបបង្កឲ្យមានការរំលោភបំពានផ្លូវភេទជាច្រើន កើតឡើង។ ការប្រកាសរបស់លោកធ្វើឡើងក្នុងរដ្ឋ Kerala នៅចំពោះមុខមហាជន ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ទៀតផង។
កន្លងមកលោក Sharlom ក៏បានស្នើ ស្ត្រីដែលស្លៀកពាក់ខ្លី កុំចូលព្រះវិហារ របស់លោក មិនត្រឹមតែប៉ុណ្ណោះលោក បានលើកលែងទោសដល់ជនចាប់រំលោភ ទៀតផង ដោយលោកបានចោទប្រកាន់ទៅលើភាគីខាងស្រីជាអ្នកបង្កឲ្យមាន អារម្មណ៍ស្រើបស្រាលចង់រួមភេទ។
លោក Sharlom បញ្ជាក់ទៀតថា «នៅពេលដែលស្ត្រីស្លៀកខ្លីអង្គុយក្បែរបុរស ហើយធ្វើឲ្យបុរសនោះមានអារម្មណ៍ផ្លូវភេទ មានន័យថាស្ត្រីនោះជាអ្នកមាន ទោសទៅវិញ»។
ពលរដ្ឋឥណ្ឌាជាច្រើនក្រោយពេល មើលឃ្លីបវីដីអូបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកថា នេះជា សកម្មភាពប្រកាន់ភេទ។ មនុស្សជាច្រើន បានដាក់សំណួរសួរថា ស្ត្រីស្លៀកខ្លីត្រូវគេ រំលោភចុះអ្នកដែលស្លៀកពាក់ប្រពៃណី ត្រូវគេរំលោភកន្លងមកនោះ យ៉ាងម្តេចទៅ វិញ?៕ ម៉ែវ សាធី