ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសRX450 ក្នុងល្បឿនលឿនក៏រេចង្កូតជ្រុលទៅបុកថ្នូវីរៈជននៃវិមានឯករាជ្យបណ្តាលឲ្យរងការខូចខាតអស់៤កង់ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេច រហូតដល់ដាច់កាឡេកង់បើកបន្តទៅមុខលែងរួច ហើយម្ចាស់រថយន្តបង្កបើកទ្វារត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាកឡិចស៊ីសRX450 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-0123 និងរួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបានរេចង្កូតជ្រុលទៅបុករះថ្នូវិរៈជននៃវិមានឯករាជ្យពេញទំហឹង បណ្តាលឲ្យបាក់៤កង់ ហួសទៅបុកអាងទឹកវិមានឯករាជ្យបន្ថែមទៀត ខណៈពេលនោះម្ចាស់រថយន្តខាងលើមិនបង្អង់ល្បឿនឈប់ទេគឺបានថយក្រោយរួច បន្ថែមល្បឿនព្យាយាមបើករត់គេចប៉ុន្តែរថយន្តបង្ករងការខូចខាតផ្នែកខាងមុខខ្លាំងទើបបណ្តាលឲ្យដាច់កាឡេកង់ បើកទៅមុខលែងរួច ទើបម្ចាស់រថយន្តបង្កបានបើកទ្វាររត់គេចខ្លួនទៅបាត់សម្រោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនឹងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕ ស រស្មី
...