ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីបានយកកូនអង្រែបុកគ្រឿងនិងខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះជាមិត្តភក្តិដោយសារខឹងមិនព្រមផឹកស្រាជាមួយ។
ករណីបង្កហិង្សាដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះគង់ ណាត(ហៅប៉ុប) អាយុ២១ឆ្នាំ រស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។ រីឯជនរងគ្រោះមានឈ្មោះតាក រដ្ឋា អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃំុជាមួយគ្នា ដោយរងរបួសស្មង ជើងទាំងសងខាង ក្បាលជង្គង់ ស្មាទាំងសងខាងចំនួន៤កូនអង្រែ និងវាយច្រមុះមួយខ្សែក្រវ៉ាត់។
បើតាមជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យឈ្មោះគង់ ណាត ដែលនៅផ្ទះក្បែរគ្នាកំពុងផឹកស៊ីរហូតដល់មានអាការៈស្រវឹង បន្ទាប់មករូបគាត់បានដើរមកដល់ល្មមស្រាប់តែពេលនោះក៏បានហៅឲ្យផឹកជាមួយគ្នា ប៉ុន្តែគាត់បានប្រកែកថាមិនសូវស្រួលខ្លួនផឹកមិនបានទេ ខណៈនោះជនដៃដល់ខឹងក៏ស្ទុះយកកូនអង្រែបុកគ្រឿងវាយយ៉ាងសន្ធាប់ដោយមិនអស់ចិត្តក៏ដកយកខ្សែរក្រវ៉ាត់មកវាយបន្ថែមទៀតបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ ក្រោយពីបង្កហេតុជនសង្ស័យបានយកវត្ថុតាង(ខ្សែក្រវ៉ាត)ទៅដុតបំផ្លាញចោលអស់ដើម្បីបំបាត់ភស្ត័តាងចោលតែម្ដង។
ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារជនរងគ្រោះទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ចុះមកអន្តរាគមន៍និងឃាត់ខ្លួនជនដៃដល់មកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។
តាមជនដៃដល់បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រើអំពើហិង្សារដាក់ជនរងគ្រោះពិតមែន ដោយខឹងជនរងគ្រោះមិនព្រមផឹកស្រាជាមួយ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយ ។ រីឯជនសង្ស័យត្រូវបាននគរបាលរដ្ឋបាលឃុំកំពងចំឡងកសាងសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការទៅតាមនីតិវិធី ៕ យឹម សុថាន
...