ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជាបាន តែងតាំងលោក Leonardo Luis និងជំនួយ ការគ្រូបង្វឹកជនជាតិប្រេស៊ីល២រូបជាគ្រូ បង្វឹកថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ការតែងតាំងនេះត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
លោក Leonardo Luis នឹងកាន់តំណែង ជាគ្រូធំជំនួសគ្រូជម្រើសជាតិចាស់សញ្ជាតិកូរ៉េខាងត្បូង លោក លី តេហ៊ុន ដែលបានដឹកនាំក្រុមរហស្សនាមគោព្រៃកម្ពុជាចាប់តាំងពីឆ្នាំ២០១០រហូតដល់ឆ្នាំ២០១២ និងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ។
ជំនួបដំបូងដែលគ្រូបង្វឹកថ្មីរូបនេះដឹកនាំក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិឥណ្ឌានៅរាជធានី ភ្នំពេញ។ ក្នុងការមកកាន់តំណែងនេះ លោក Leonardo បាននាំមកនូវគ្រូចំាទីនិងគ្រូជំនួយម្នាក់មកចូលរួមផងដែរ ។
ការមកកាន់តំណែងជាគ្រូបង្គោលថ្មីនិងជំនួយការគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់គ្រូសញ្ជាតិប្រេស៊ីលទាំង៣រូបនេះ ក្រោមកិច្ចសន្យារយៈពេល១ឆ្នាំ ដោយអ្នកទាំង៣រូបទទួលបានប្រាក់ខែសរុប១២.០០០ដុល្លារអាមេរិកក្នុងមួយខែដែលមានទាំងគ្រូបង្គោល និងជំនួយការគ្រូបង្វឹក២រូបរួមជាមួយនឹងការធានាស្នាក់នៅហូបចុក សំបុត្រយន្តហោះផងដែរ ។
លោក សៅ សុខា ប្រធានសហព័ន្ធបាល់ ទាត់កម្ពុជាបានមានប្រសាសន៍ថា វត្តមាន គ្រូបង្វឹក៣រូបនេះនឹងជួយជំរុញការអភិវឌ្ឍសមត្ថភាពក្រុមជម្រើសជាតិកម្ពុជាកាន់តែមានសក្តានុពល ។
សូមបញ្ជាក់ថា មុននឹងមកដឹកនាំក្រុម ជម្រើសជាតិកម្ពុជាលោក Leonardo Luis ធ្លាប់ដឹកនាំក្លិប Lanexang United ឈ្នះ ជើងឯកលីកកំពូលឡាវឆ្នាំ២០១៦ និង ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship តែចាញ់ ក្រុមថៃ Buriram United។ មុននឹងមកដឹក នាំក្រុម Lanexang United លោក Leonardo ជាគ្រូបង្វឹកសម្បូរបទពិសោធន៍មួយរូបធ្លាប់កាន់ការងារនៅក្រុមជម្រើសជាតិ U15 អូស្ត្រាលី, U17អាមេរិក, ក្លិប Bofafogo និង ជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិទី្រនីដាដ និងថូបាហ្គោមុនមកប្រឡូកការងារនៅទ្វីបអាស៊ី ។
ចាប់តាំងពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៣ លោក Leonardo ជាគ្រូបង្វឹកក្លិប Al Gharafa និងក្លិប El Jaish ក្នុងរដូវកាល ២០១៣-២០១៤ នៅលីកកំពូលប្រទេស កាតារ ។ នៅចុងឆ្នាំ២០១៤អតីតអ្នកចាំទី វ័យ៤៤ឆ្នាំរូបនេះធ្វើជានាយកបច្ចេកទេសនៅក្លិបបាល់ទាត់ថៃ Buriram United និងបង្វឹកក្រុមថ្នាលរបស់ក្លិបនេះក្នុងឆ្នាំ ២០១៥ ៕ សារីម