បច្ចុប្បន្នអាមេរិកមាននាវាផ្ទុកយន្តហោះ ១០គ្រឿងទៅហើយ គឺច្រើនជាងគេបង្អស់ លើពិភពលោក ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ ចង់បង្កើនថែម២គ្រឿងទៀតគ្រប់១២គ្រឿងសម្រាប់បំពេញការងារនៅឆ្ងាយ បានគ្រប់ពេលវេលា។
សារព័ត៌មាន AFP បានដកស្រង់សម្តី ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយទៅកាន់ក្រុមនាវិកនៅលើនាវាផ្ទុកយន្តហោះ USS Gerald R.Ford កាលពីថ្ងៃទី២ ខែមីនា ថា «កម្លាំងទាហានជើងទឹករបស់យើងកំពុងតែធ្លាក់ចុះចាប់តាំងពីសង្គ្រាម លោកលើកទីមួយ»។
លោក ត្រាំ បញ្ជាក់ទៀតថា អាមេរិកចាំបាច់ត្រូវតែរក្សាកងពលនាវាផ្ទុកយន្តហោះ១២គ្រឿង ហើយពេលនេះអាមេរិកមាន ១០គ្រឿងទៅហើយ ដោយនាវាផ្ទុកយន្ត ហោះចាស់បំផុតផលិតនៅឆ្នាំ១៩៧៥។
នាវាផ្ទុកយន្តហោះ USS Ford មាន តម្លៃ១២,៩ពាន់លានដុល្លារជានាវាផ្ទុក យន្តហោះលើកទី១១របស់អាមេរិក ហើយនាវានេះនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរ កម្លាំងទាហានជើងទឹកនៅក្នុងឆ្នាំនេះ។ ចំណែកនាវាលើកទី១២ ឈ្មោះ USS John F Kennedy កំពុងតែផលិត។ ជាមួយគ្នានោះអាមេរិកមានគម្រោងផ្លាស់ប្តូរនាវាផ្ទុកយន្តហោះនៅឆ្នាំ២០២៥ សម្រាប់នាវា ដែលដំណើរការយូរបំផុតឲ្យចូលនិវត្តន៍។
ប្រធានាធិបតី ត្រាំ បានចុះហត្ថលេខា បង្កើនការចំណាយសម្រាប់ការពារជាតិ បន្ថែមទៀតដោយលោកបានសន្យាបន្ថែមយន្តហោះចម្បាំងនាវាចម្បាំង។ លោក ដូណាល់ ត្រាំ ចង់ឲ្យកម្លាំងទាហានជើង ទឹកអាមេរិកមាននាវាចម្បាំង៣៥០គ្រឿងកើន៧៦គ្រឿង បើប្រៀបធៀបនឹងបច្ចុប្បន្ន។
នៅក្នុងសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានស្នើចំណាយបន្ថែមសម្រាប់ការពារជាតិ ថែម៥៤ពាន់លានដុល្លារទៀតធ្វើឲ្យមូល និធិសម្រាប់ការពារជាតិអាមេរិកមានរហូតដល់ទៅជាង៦០០ពាន់លានដុល្លារ។
មូលនិធិសម្រាប់ការពារជាតិដែលប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើនោះក្នុង គោលដៅពង្រឹងវិស័យយោធាឲ្យកាន់តែខ្លាំងជាងមុនក្រោយពេលលោក ត្រាំ យល់ ថា អាមេរិកកំពុងតែដើរថយក្រោយបើប្រៀប ធៀបនឹងប្រទេសដទៃទៀត។ ការចំណាយ ក្នុងគោលដៅផលិតយន្តហោះចម្បាំងនាវាចម្បាំងនឹងបង្កើតវត្តមានរបស់អាមេរិកនៅតំបន់សមុទ្រ Hormuz ជាប់ប្រទេសអីុរ៉ង់ និងតំបន់សមុទ្រចិនភាគខាងត្បូងដែល កំពុងតែមានវិវាទនិងជាចំណុចក្តៅបំផុតអាចផ្ទុះសង្គ្រាមគ្រប់ពេល។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមូលនិធិសម្រាប់ការពារជាតិមានការកើនឡើង ចំណែកមូលនិធិសម្រាប់កិច្ចការបរទេសមានការថយចុះទៅវិញ។ មូលនិធិសម្រាប់ក្រសួងការបរទេសត្រូវបានកាត់បន្ថយ ដល់ទៅ៣០ភាគរយគឺជាចំនួនមួយយ៉ាងច្រើនទំនាក់ទំនងរវាងអាមេរិកនឹងពិភពលោកធ្លាក់ចុះ។
ក្រៅពីនេះប្រធានាធិបតី ដូណាល់ ត្រាំ ឡើងគម្រោងចំណាយបន្ថែមនៅក្នុងការ ផលិតអាវុធជាច្រើនទៀតក្នុងនោះមានកាំជ្រួចមីស៊ីលនិងគ្រាប់បែកបរមាណូ។ នៅពេលនេះអាមេរិកមានចំនួនគ្រាប់បែកបរមាណូតិចជាងរុស្ស៊ីទាំងនោះហើយទើប លោក ត្រាំ ខិតខំធ្វើឲ្យចំនួនគ្រាប់បែកបរមាណូរបស់ខ្លួនកើនឡើងស្មើឬច្រើនជាង រុស្ស៊ី ទាំងគុណភាព សមត្ថភាព និងបរិមាណ ផងដែរ។
នៅពេលនេះប្រធានាធិបតីថ្មីរបស់អាមេរិកលោក ដូណាល់ ត្រាំ មិនបានលាក់បាំងពីមហិច្ឆតាពង្រឹងសព្វាវុធនុយក្លេអ៊ែរ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters លោក ដូណាល់ ត្រាំ បានអះអាងថា លោកចង់ឲ្យអាមេរិកនាំមុខគេក្នុងចំណោមប្រទេសមហាអំណាច នុយក្លេអ៊ែរ។
ដើម្បីអាចនាំមុខគេក្នុងចំណោមប្រទេស មហាអំណាចនុយក្លេអ៊ែរអាមេរិកត្រូវតែ ដុសខាត់វិស័យសព្វាវុធនុយក្លែអ៊េរ។ នេះបើតាមប្រធានាធិបតីថ្មីរបស់អាមេរិកដែលបានផ្តល់បទសម្ភាសន៍ផ្តាច់មុខទៅឲ្យទីភ្នាក់ ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ។ សម្រាប់លោក ដូណាល់ ត្រាំ អាមេរិកបានដើរយឺតយ៉ាវក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
«គ្មានអ្នកណាម្នាក់ ជាពិសេសខ្ញុំដំបូងគេចង់ឲ្យគេមានអាវុធនុយក្លេអ៊ែរនោះទេ។ វាជាក្តីសុបិនដ៏គួរចង់បានដែលគ្មានប្រទេស ណាមួយមាននុយក្លេអ៊ែរ។ ប៉ុន្តែបើមាន ប្រទេសដែលបំពាក់អាវុធនុយក្លេអ៊ែរនោះអាមេរិកមិនត្រូវស្ថិតនៅក្រោយគេនោះទេ បើទោះបីជាប្រទេសនោះជាមិត្តរបស់អាមេរិកក៏ដោយ។ អាមេរិកត្រូវតែស្ថិតនៅចំណុច កំពូលនាំមុខគេ»។ នេះជាប្រសាសន៍របស់ លោក ដូណាល់ ត្រាំ។
ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទី១ ហើយដែល លោក ដូណាល់ ត្រាំ លើកនិយាយពីសព្វា វុធនុយក្លេអ៊ែរ។ កាលពីចុងខែធ្នូនៅពេលលោកមិនទាន់ស្បថចូលកាន់តំណែងលោក ធ្លាប់បានសរសេរសារនៅលើ Twitter ម្តង បំផុសឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។
នៅក្នុងបទសម្ភាសន៍លោក ដូណាល់ ត្រាំ បានរិះគន់ម្តងទៀតសន្ធិសញ្ញា New Start ដែលអាមេរិកបានចុះជាមួយរុស្ស៊ីនៅឆ្នាំ២០១០ និងចែងថា ប្រទេសមហាអំណាច នុយក្លេអ៊ែរទាំងពីរត្រូវរក្សាឲ្យថេរចំនួនក្បាល គ្រាប់នុយក្លេអ៊ែរដែលខ្លួនមានក្នុងរយៈពេល ១០ឆ្នាំ។ លោក ដូណាល់ ត្រាំ បានវាយ តម្លៃថា សន្ធិសញ្ញា New Start ជាកិច្ចព្រម ព្រៀងដ៏អាក្រក់មួយទៀតដែលបន្សល់ដោយ រដ្ឋបាលមុន ព្រោះវាបានផ្តល់ប្រយោជន៍ច្រើនទៅឲ្យរុស្ស៊ី។
តាមក្រុមប្រឆាំងនុយក្លេអ៊ែររុស្ស៊ីមាន ក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ៧.៣០០គ្រាប់ក្នុងពេលដែលអាមេរិកមានតិចជាង គឺប្រមាណ៦.៩៧០គ្រាប់។ អ្នកជំនាញ កំពុងចោទសួរថា តើលោក ដូណាល់ ត្រាំ ដែលរិះគន់សន្ធិសញ្ញា New Start កំពុង ចង់រកលេសលុបចោលសន្ធិសញ្ញា និង ចាប់ផ្តើមពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ របស់អាមេរិកឡើងវិញដែរ ឬយ៉ាងណា?
នៅថ្ងៃព្រហស្បតិ៍កន្លងទៅប្រធានា ធិបតីអាមេរិកបានរិះគន់ផងដែរ ការពង្រាយ មីស៊ីលរបស់រុស្ស៊ីលោកចាត់ទុកថា បាន រំលោភសន្ធិសញ្ញា ឆ្នាំ១៩៨៧ ដែលបានហាមឃាត់រាល់ការពង្រាយមីស៊ីលចម្ងាយមធ្យមរបស់អាមេរិកនិងរុស្ស៊ី៕
ប្រែសម្រួល៖ ម៉ែវ សាធី