រថយន្តដឹកស្រាបៀរអង្គរបើកបុកបុរសម្នាក់​ កំពុងជិះម៉ូតូស្លាប់ រួចបន្តបុករថយន្តចតស្ងៀម២គ្រឿងទៀត

ចែករំលែក៖

ខេត្តកណ្តាល ៖  រថយន្តសណ្តោងរឺម៉កដឹកស្រាបៀរអង្គរ បានបើកបុកបុរសម្នាក់កំពុងជិះម៉ូតូទាំងកម្រោល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ និងម៉ូតូបានរងការខូចខាតទាំងស្រុង រួចបន្តទៅបុករះរថយន្តចំនួន២គ្រឿងទៀត រួចអ្នកបើករថយន្តបង្កបានរត់គេចខ្លួនចោលរថយន្តនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកស្រាបៀរអង្គរបុកជនរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២-៣ ស្ថិតក្នុងភូមិអណ្តូងទឹឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមប្រភពពីមន្រ្តីនគរបាលស្រុកអង្គស្នួលឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ឈ្មោះ ឡុច ចន្ធី អាយុ៣០ឆ្នាំ មានមុខរបរជាកម្មករ រស់នៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-9734 ។ ចំណែករថយន្តដឹកស្រាបៀរអង្គរបុកជនរងគ្រោះស្លាប់នោះ ម៉ាកហុីណូ ប្រភេទសណ្តោងរឺម៉ករបស់ក្រុមហ៊ុនស្រាបៀរអង្គរ ពាក់ស្លាកលេខ ភ្នំពេញ 3A-0298 ។

តាមមន្ត្រីដដែលបានបន្តថា អ្នកបើករថយន្តដឹកស្រាបៀរអង្គរខាងលើនេះ មិនត្រឹមតែបើកបុកជនរងគ្រោះឲ្យស្លាប់ប៉ុណ្ណោះទេ នៅបានបន្តទៅបុករថយន្ត២គ្រឿងទៀត ដែល១គ្រឿងម៉ាក តូយូតាកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6819 ជាកម្មសិទ្ធរបស់ឈ្មោះ សុខ ប៊ុនឈឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និង១គ្រឿងទៀតម៉ាកវីគោ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0761 ជាកម្មសិទ្ធិរបស់ឈ្មោះ ប៉ុក ម៉ារ៉ាឌី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

តាមសាក្សីឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកស្រាបៀរអង្គរបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើបានបុកម៉ូតូជនរងគ្រោះពេញទំហឹង ខណដែលជនរងគ្រោះធ្វើដំណើរពីត្បូងទៅជើងក្នុងទិសដៅបញ្ច្រាសគ្នា រួចរថយន្តខាងលើនេះ ក៏ទៅបុករថយន្តនៅខាងឆ្វេងដៃចំនួន២គ្រឿងទៀតដែលម្ចាស់ចតនៅជាយផ្លូវខាងកើត។

បើតាមមន្រ្តីនគរបាលចុះវាស់វែងនៅកន្លែងកើតហេតុបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីអ្នកបើករថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនចោលរថយន្តនៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលរួមទាំងម៉ូតូជនរងគ្រោះផង និងរថយន្ត២គ្រឿងទៀតដែលត្រូវរថយន្តខាងលើបុកពេលចតស្ងៀម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីដឹកបញ្ជូនទៅលំនៅឋានចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ស្អាង ជ័យ

...

Kandal-1 (1) Kandal-1 (2) Kandal-1 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print