ខេត្តកណ្តាល៖ បុរស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសRX330បើកបុក ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២១B កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចភ្លើងស្តុប លើកំណាត់ផ្លូវជាតិលេខ២១B កែងផ្លូវលេខ១១០ ស្ថិតក្នុងភូមិថ្មី សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0219 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។ ជនរងគ្រោះឈ្មោះ ស៊ឹម សុភក្ត្រ័ ភេទប្រុស អាយុ២៩ឆ្នាំ (ជាអ្នកបើកបរម៉ូតូរបួសធ្ងន់) មានទីលំនៅក្នុងភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ម្នាក់ទៀតឈ្មោះ អេង យេង ភេទប្រុស អាយុ២៣ឆ្នាំ (ជាអ្នករួមដំណើររងរបួសបាក់ជើង) បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កម៉ាកឡិចស៊ីសបើកបរតាមបណ្តោយផ្លូវជាតិលេខ២១Bក្នុងទិសដៅពីត្បូងទៅជើងដើយល្បឿនលឿន ខណៈបើកដល់ចំណុចភ្លើងស្តុបបានបត់ឆ្វេងគោលបំណងឆ្ពោះទៅផ្លូវលេខ១១០វិញ ទើបបណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះកំពុងជិះម៉ូតូច្រាស់ទិសគ្នា បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យជនរងគ្រោះទាំង២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុការណ៍ កើតឡើងអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនក្នុងរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរក្រុងតាខ្មៅធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ