លោក គឹម សុខ គ្មានសំណាងបាននៅក្រៅឃុំ , មេធាវីប្តឹងបន្តទៅសាលាឧទ្ធរណ៍

ចែករំលែក៖

ភ្នំពេញ ៖ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនដោះលែងឲ្យនៅក្រៅឃុំនោះទេ ពោលគឺ បន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។ ប៉ុន្តែមេធាវីការពារក្តីលោក គឹម សុខ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ជូង ជូងី នៅព្រឹកថ្ងៃទី៦ ខែមីនា ។

គួរបញ្ជាក់ថា លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ។

ក្រោយអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី មានមនុស្សសំខាន់ៗបីនាក់ហើយ ដែលបានចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ ។ ក្នុងនោះមានលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី , លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបលាលែងពីតំណែង និង ចុងក្រោយ គឺ លោកគឹម សុខ អ្នកវិភាគនយោបាយ ដែលបច្ចុប្បន្នពួកគេទាំងបីនាក់ កំពុងប្រឈមមុខផ្លូវច្បាប់ ៕  ដោយ ៖ ចេស្តា

...

53b8bd02-5d27-41d7-8205-b6ca7ee79cc3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print