ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India បានប្រកាសថាបានបង្កើតឯតទគ្គកម្មពិភពលោក នៅពេលដែលបានហោះហើរជុំវិញពិភពលោកដោយមានអ្នកបើកបរ និងក្រុមពហុនិកាជាស្ត្រីទាំងអស់ក្នុងគោលដៅអបអរសាទរទិវានារីអន្តរជាតិ៨មីនា។
សារព័ត៌មាន Press Trust of India នៅថ្ងៃទី៦ ខែមីនា បានផ្សាយថា ជើង ហោះហើរលេខ AI173 របស់ក្រុមហ៊ុន អាកាសចរណ៍ Air India បានហោះហើរពី ទីក្រុងញូវដេលីទៅកាន់ San Francisco អាមេរិកតាំងពីថ្ងៃទី២៧ ខែកុម្ភៈ ហើយវិលត្រឡប់មកទីក្រុងញូវដេលីវិញនៅថ្ងៃទី៣ ខែមីនា។
អ្វីដែលពិសេសនៅក្នុងការហោះហើរ នោះ មិនត្រឹមតែមានក្រុមពហុនិកាដែលជាស្ត្រីទាំងអស់នោះឡើយ សូម្បីតែអាកាស យានិកដែលពីមុនមិនមានស្ត្រីជាអ្នកបើកបរនោះ តែពេលនេះ គឺជាស្ត្រីទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ការគ្រប់គ្រងទីបញ្ជាការហោះហើរក៏ជាស្ត្រីផងដែរ ដើម្បីជាការអបអរសាទរទិវានារីអន្តរជាតិ៨ ខែមីនា និងដើម្បីបញ្ជាក់ឲ្យពិភពលោកបានដឹងថា ស្ត្រីក៏មានសមត្ថភាពដូចជាបុរសផងដែរ ក្នុងការងារដែលមិនមានស្ត្រីធ្វើពីមុនមក។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Air India បានដាក់ សំណើឡើងទៅកាន់អង្គការកំណត់ត្រា ពិភពលោក Guinness ទទួលស្គាល់ពីសកម្ម ភាពហោះហើរខាងលើរបស់ក្រុមស្ត្រីក្នុងពេលដែលពិភពលោកបានផ្តល់តម្លៃស្មើភាពគ្នារវាងបុរសនឹងស្ត្រីនៅលើឆាក នយោបាយសង្គមនានា។
ដូចគ្នានេះដែរកាលពីឆ្នាំ២០១៦ ក្រុម ហ៊ុនអាកាសចរណ៍អ៊ែរឥណ្ឌា ក៏បានហោះ ហើរដូចគ្នានេះដែរ ដោយមានអាកាស យានិក និងក្រុមពហុនិកាជាស្ត្រីទាំងអស់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨ មីនា។
ជាមួយនឹងការហោះហើរនាពេលនេះគឺជាជោគជ័យថ្មីសម្រាប់ស្ត្រីនៅលើពិភពលោក ដែលអាចបញ្ជាក់ពីការបើកយន្តហោះពាណិជ្ជកម្មបានដោយជោគជ័យដូចជាបុរស។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីក៏អាចបើកបរយន្តហោះចម្បាំងដូចជាក្រុមបុរសផងដែរ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ក្រុមហ៊ុនអាកាស ចរណ៍ឥណ្ឌា បានរៀបចំឲ្យមានកៅអីពិសេស នៅលើយន្តហោះសម្រាប់ស្ត្រីដើម្បីបញ្ចៀស ការបៀតបៀនផ្លូវភេទ។ ការបង្កើតកៅអីដាក់ដោយឡែកសម្រាប់ស្ត្រីគឺមានតែជើងហោះហើរនៅក្នុងស្រុកតែប៉ុណ្ណោះ។
សារព័ត៌មាន The Hindu បានដកស្រង់ ពីការប្រកាសរបស់ក្រុមហ៊ុនAir India បញ្ជាក់ថា «ជាក្រុមហ៊ុនជាតិយើងចាំបាច់ត្រូវតែមានការទទួលខុសត្រូវ បង្កបរិយា កាសងាយស្រួលទៅដល់ក្រុមស្ត្រីអ្នកដំណើរ»។ សកម្មភាពខាងលើរបស់ក្រុម ហ៊ុននៅពេលដែលមានស្ត្រីជាច្រើនធ្វើការតវ៉ានៅពេលដែលអង្គុយក្បែរបុរស គឺតែង តែព្រួយបារម្ភជានិច្ច ពិសេសគឺពេលអង្គុយកៅអីកណ្តាលដែលមានបុរសចម្លែកអង្គុយ អមសងខាង។
ពេលកន្លងមកថ្មីៗ អ្នកដំណើរស្រីនៅលើយន្តហោះរងការបៀតបៀនផ្លូវភេទ ដោយបុរសអង្គុយក្បែរ លូកលាន់ ស្ទាប ជាដើម។ ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍បានបង្កើតខ្នោះដៃធ្វើពីជ័រសម្រាប់ដាក់បុរសណាដែល«ល្មោភស្រី»ពេលកំពុង ធ្វើដំណើរ៕
ប្រែសម្រួល៖ ម៉ែវ សាធី