ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តប្រាដូ បើកបរដោយស្ត្រីម្នាក់បានបើកក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតហោះរំលងសួនច្បារទៅបុករថយន្តឡង់គ្រីស័រពីចំហៀងពេញមួយទំហឹង រួចក៏ផ្លោងទៅប៉ះជាមួយរ៉ឺម៉កកង់បី ដែលដឹកស្រាបៀ បណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល។
ករណីនេះបានកើតឡើងកាលពីម៉ោងជាង១១ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខផ្សារព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ម្ចាស់រថយន្តរងគ្រោះមានឈ្មោះស្វាយ សុខឃឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរអ្នកបើកឡាន មានទីលំនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រឺឯម្ចាស់រ៉ឺមកកង់បីមានឈ្មោះ គង់ ថន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក មានទីលំនៅភូមិកើតហេតុខាងលើ។ ចំណែកឯស្ត្រីដែលបើករថយន្តបង្កនោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងម៉ាក ប្រាដូ ពណ៌ប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2F-1122 ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីជើងទៅត្បូង ក្នុងលឿនយ៉ាងលឿន ខណៈពេលកំពុងបើកបរ ស្រាប់តែរថយន្តបង្កម៉ាក ប្រាដូ បានបែកកង់មុខផ្នែកខាងឆ្វេង បានបណ្តាលឲ្យរេចង្កូតមកឆ្វេងដៃរួចក៏ហោះរំលងសួនច្បារពុះចែកទ្រូងផ្លូវ ក៏ជ្រុលទៅបុករថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-9839 ពីចំហៀងពេញមួយទំហឹង រួចក៏ផ្លោងទៅប៉ះជាមួយម៉ូតូរ៉ឺម៉កដែលកំពុងដឹកស្រាបៀពេញ ដែលបានបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសស្រាល២នាក់។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង ហើយបានសហការជាមួយសមត្ថកិច្ចចរាចរក្រុងដើម្បីធ្វើការវាស់វែងយករថយន្តបង្កព្រមទាំងរថយន្តរងគ្រោះ និងម៉ូតូរឺុម៉កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ
...