ភ្នំពេញ៖ យុវជនម្នាក់ជាបុគ្គលិកក្រុមហ៊ុន ផាត ហ្វាញឌឺ ត្រាវែលត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួន ទៅតុលាការកាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធបទរំលោភលើសេចក្តីទុកចិត្តដោយកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន ៣៧.៥០៤ ដុល្លារ ។
យុវជនរូបនោះឈ្មោះ សំ លីហេង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ជាបុគ្គលិកក្រុមហ៊ុនខាងលើ ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា ការឃាត់ខ្លួនយុវជនរូបនេះគឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឺន ហ្វូជូវ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករតំណាងឲ្យក្រុមហ៊ុន ផាត ហ្វាញឌឺ ត្រាវែល ហើយជនសង្ស័យរូបនេះបានសារភាពថា ខ្លួនបានចូលបម្រើការងារនៅក្រុមហ៊ុនខាងលើនេះចំនួន៥ខែ ហើយមានមុខងារជាផ្នែកលក់សំបុត្រ និងទទួលបានប្រាក់បៀវត្ស ៦៥០ដុល្លារអាមេរិកក្នុង១ខែ ។
សំ លីហេងសារភាពទៀតថានៅក្នុងអំឡុងខែកុម្ភៈដល់ថ្ងៃទី៤ មីនា ឆ្នាំ២០១៧ ខ្លួនបានលក់សំបុត្រយន្តហោះឲ្យអតិថិជនចំនួន១៦សន្លឹក សរុបជាទឹកប្រាក់ចំនួន៦.៤១៤ដុល្លារអាមេរិក តែខ្លួនពុំទាន់បានប្រមូលប្រាក់ពីអតិថិជននោះយកទៅបង់ឲ្យក្រុមហ៊ុនទេដោយខ្លួនបានយកលុយនេះដើរចាយវាយខ្លះ និងខ្លះនៅអតិថិជនមិនទាន់ទូទាត់ ។
ទោះយ៉ាងណាភាគីខាងក្រុមហ៊ុនបានហៅឈ្មោះ សំ លីហេង ទៅនិយាយច្រើនលើកច្រើនសា ហើយឲ្យដោះស្រាយបំណុលនោះជាមួយក្រុមហ៊ុនប៉ុន្តែឈ្មោះ សំ លីហេង បានប្រងើយកន្តើយ ថែមទាំងគេចវេសមិនចូលខ្លួនទើបក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតែម្តងទៅ ៕ ប្រាថ្នា