ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វាបាន កោះហៅម្ចាស់អាជីកម្មទូកដមកព្រមាន និងធ្វេីកិច្ចសន្យាក្រោយពេលឈ្លោះគ្នាបែក ផ្សែងជាមួយអ្នកកាសែតនិងម្ចាស់រថយន្តកាលពីវេលាម៉ោង៨យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ហើយនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ លោក ឃ្លាំង ហួត អភិបាលនៃ គណៈអភិបាលខណ្ឌជ្រោយចង្វាបានបញ្ជា ឱ្យលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ និងលោក កៅ សារ៉ាវុធ នាយករដ្ឋបាល ខណ្ឌកោះហៅម្ចាស់អាជីវកម្មទូកដឆាយហុងមកព្រមានជាលើកចុងក្រោយនិងធ្វេីកិច្ចសន្យាបញ្ឈប់មិនឱ្យទារយកលុយពី អ្នកធ្វេីដំណេីរលេីសពីសៀវភៅបន្ទុក ឬ កាប់ឆៅតាមអំពើចិត្ត ។
ការកោះហៅម្ចាស់ទូកដឆាយហុងមកព្រមាននិងធ្វើកិច្ចសន្យានេះត្រូវគេដឹងថា ធ្វេីឡេីងបន្ទាប់ពីមានរឿងឈ្លោះប្រកែក គ្នាបែកផ្សែងរវាងអ្នកសារព័ត៌មានម្ចាស់រថយន្តដឹកដែកនឹងម្ចាស់ទូកដដែលម្ចាស់ ទូកដមួយនេះល្បីល្បាញខាងកាប់ឆៅ ពោលគឺកោរអត់ដាក់ទឹកដោយទាមទារ តម្លៃថ្លៃលេីសសៀវភៅបន្ទុកដែលរដ្ឋបានកំណត់ និងទារប្រាក់ពីរថយន្តដែលគ្មាន ចែងនៅក្នុងសៀវភៅបន្ទុកតាមអំពើចិត្ត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកំពង់ដខាងលើបានឱ្យដឹងថា កាល ពីម៉ោង៨យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ មានរថយន្តស្ទូចទម្ងន់៥តោនបានដឹកដែកឆ្លងទូកដឆាយហុងពីព្រែកលៀបទៅត្រើយ ម្ខាងគឺកោះឧកញ៉ាតី ហើយត្រូវបានម្ចាស់ទូកដឆាយហុងទារតម្លៃរហូតដល់១៥០ ដុល្លារដែលតម្លៃនេះថ្លៃហួសហេតុ។ ការទាមទារថ្លៃហួសហេតុនេះដោយសារម្ចាស់ទូកដសំអាងហេតុផលថា រថយន្តនេះមិនមានចែងនៅក្នុងសៀវភៅបន្ទុកទេ។ ដូច្នេះ ស្រេចតែគេទារបើទោះបីម្ចាស់ដែកទូរស័ព្ទសុំចរចាតម្លៃទាបជាងនេះក៏គេមិននិយាយជាមួយដែរដោយគេឆ្លើយថាជាប់រវល់ក៏បិទ ទូរសព្ទ័តែម្តងព្រមទាំងប្រើពាក្យសម្តីមិនសមរម្យទៀតផង ។
ប្រភពបន្តថា បន្ទាប់ពីមានហេតុការណ៍បែបនេះម្ចាស់ដែកក៏បានហៅអ្នកសារព័ត៌មាន៣នាក់ក្នុងគោលបំណងសួរនាំព័ត៌មាន យកថ្លៃហួសហេតុនិងឲ្យជួយសម្របសម្រួល និយាយចរចាតម្លៃដើម្បីកុំឱ្យយកតម្លៃហួស ហេតុពេករហូតដល់១៥០ដុល្លារនោះ។ ខណៈម្ចាស់ដែកនិងអ្នកយកព័ត៌មានទៅ ដល់សួរនាំ និងថតស្លាកតារាងតម្លៃដែលដាក់នៅក្បែរនោះស្រាប់តែម្ចាស់ទូកដឆាយ ហុងជាច្រើននាក់មានស្រីមានប្រុសចេញមកជេរប្រមាថយ៉ាងចាស់ដៃថែមទាំងបានប្រតាយប្រតប់ដណ្តើមកាមេរ៉ាធ្វើឲ្យរបូតថ្មយកទៅបាត់ ហើយបានចោទអ្នកយកព័ត៌ មានថាជាចោរប្លន់ទៀតផង ។
ប្រភពបន្ថែមថា ម្ចាស់អាជីវកម្មទូកដមួយ នេះល្បីល្បាញខាងកាប់ឆៅទារតម្លៃយកលើសសៀវភៅបន្ទុកតាមអំពើចិត្ត ហើយ កន្លងមកក៏ធ្លាប់មានរឿងឈ្លោះប្រកែកគ្នាជាមួយតារាសម្តែង និងតារាចម្រៀងអ្នក នាង ខាត់ សុឃីមដោយសារទារថ្លៃលើស ហួសហេតុដែរ។ ដោយឡែកក៏ធ្លាប់មានរឿងឈ្លោះប្រកែកជាមួយម្ចាស់មាន់ដែលគេផ្ញើហើយយកមាន់របស់គេសុីអស់ និងធ្លាប់មានរឿងជាមួយម្ចាស់រថយន្តដឹកគ្រឿងសំណង់ដោយសារទារតម្លៃច្រើនហួសហេតុធ្លាប់មានរឿងជាមួយអ្នកដឹកសពឆ្លងដែលមិនព្រមដឹកឆ្លង និងល្បីមានរឿងឈ្លោះ ប្រកែកជាមួយអ្នកធ្វើដំណើរឆ្លងកាត់ជាច្រើនទៀត។ ចំណែកនៅលើទូកដមិនមាន ពោងការពារសុវត្ថិភាពជូនអ្នកដំណើរគ្រប់គ្រាន់ទេដោយអ្នកជិះទូកដទាំងអស់ប្រឈម នឹងគ្រោះថ្នាក់គ្រប់ពេលវេលាប្រសិនបើ កើតមានឧប្បតិ្តហេតុផ្សេងៗនោះ ។
គួររំលឹកថា កន្លងមកលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាធ្លាប់បានហៅម្ចាស់អាជីវកម្មទូកដនៅខណ្ឌជ្រោយចង្វាទាំងអស់មកប្រជុំនិងធ្វើកិច្ចសន្យាបញ្ឈប់ការទារថ្លៃលើសសៀវភៅបន្ទុកតាមអំពើ ចិត្ត ។ នៅក្នុងកិច្ចប្រជុំនោះលោក ឃ្លាំង ហួត បានមានប្រសាសន៍ផ្តោតសំខាន់គឺតម្រូវឱ្យ ម្ចាស់អាជីវកម្មទាំងអស់ធ្វេីកិច្ចសន្យាបញ្ឈប់ ការទារលុយពីអ្នកធ្វេីដំណេីរឆ្លងទូកដលេីស ពីសៀវភៅបន្ទុកដែលមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុក្រុងបានកំណត់តម្លៃនិងតម្រូវឱ្យ ម្ចាស់ទូកដនីមួយៗធ្វេីស្លាកប៉ាណូបិទតារាង តម្លៃនៅកំពង់ចម្លងទៀតផង ។
លោកបន្តថា ការចម្លងរាល់ថ្ងៃត្រូវអនុ វត្តទៅតាមពេលវេលាកំណត់ដោយចាប់ពីម៉ោង៤ព្រឹកដល់ម៉ោង៨និង៣០នាទីយប់ ប៉ុន្តែបេីមានករណីបន្ទាន់ដូចជាស្ត្រីឈឺពោះ ឆ្លងទន្លេប្រជាពលរដ្ឋឈឺថ្កាត់យប់ព្រលប់ ដឹកសពត្រូវជួយចម្លងគ្នាដោយមិនឱ្យឆ្លៀត ឱកាសយកលេីសតម្លៃឡេីយរួមទាំងកូនសិស្ស និងព្រះសង្ឈផងដែរ ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា នៅក្នុង តារាងតម្លៃរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុបានកំណត់ថា រថយន្តមធ្យមឆ្លងម្តង១មុឺនរៀលរថយន្តតូច៦ពាន់រៀល រទេះសេះ តម្លៃ២ពាន់រៀល មនុស្សម្នាក់ម៉ូតូ១គ្រឿង តម្លៃ១.០០០រៀល កង់១មនុស្សម្នាក់តម្លៃ ៧០០រៀល គោ ក្របី សេះតម្លៃ២.០០០ រៀល សម្ភារ១០០គីឡូក្រាមតម្លៃ៥០០ រៀល អង្ករ១បាវតម្លៃ៣០០រៀល ៕ ជ្រោយពេជ្រ