ភ្នំពេញ៖ អ្នកបើកបររថយន្តកាមរីម្នាក់បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំបានបើក រថយន្តបណ្តើរលើកទូរស័ព្ទនិយាយបណ្តើរ និងដោយខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតធ្លាក់ចូលក្នុងរណ្តៅដីការដ្ឋានជីកដាក់លូរបស់សាលារាជធានីភ្នំពេញតែមិនបណ្តាលឲ្យ រងរបួសដល់មនុស្សនោះទេគ្រាន់តែព្រលឹង នៅចុងសក់ប៉ុណ្ណោះកាលពីវេលាម៉ោង១១យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅតាម បណ្តោយផ្លូវលេខ២៨៩ មុខវិទ្យាស្ថាន ជាតិសុខភាពសាធារណ: ស្ថិតក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក ។
សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតគេឃើញបុរស មិនស្គាល់ឈ្មោះនិងអាសយដ្ឋានម្នាក់ស្រវឹង ជោកជាំបានបើករថយន្តមួយគ្រឿងម៉ាក កាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AH-7092 ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូងតាមបណ្តោយផ្លូវលេខ២៨៩។ ពេលនោះអ្នកបើកបររូបនេះបានបើករថយន្ត បណ្តើរនិងលើកទូរស័ព្ទនិយាយទៅកាន់ មិត្តភក្តិបណ្តើរធ្វើឲ្យមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅខាងស្តាំដៃ បណ្តាលឲ្យធ្លាក់ចូលទៅក្នុងរណ្តៅដែលគេជីកកាយសម្រាប់ដាក់លូតែម្តង។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននាំគ្នាជួយលើកបុរសអ្នកបើកបររថយន្តចេញមកក្រៅទាំងធុំក្លិនស្រាហួងនិងបានយកទូរស័ព្ទទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះ។
ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានសមត្ថកិច្ចខណ្ឌមកស្ទូចយកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយនៅពេលក្រោយ ៕ ស តារា