ភ្នំពេញ៖ ក្មេងស្រីវ័យជំទង់ម្នាក់បានបាត់ចេញពីផ្ទះអស់រយៈពេលចំនួន២ថ្ងៃមកហើយដោយនាំយកទាំងគ្រឿងអលង្ការមាស ទៅជាមួយជាង២តម្លឹងផងដែរ ហើយមិនដឹងថា នាងទៅណានោះឡើយ។ ទូរស័ព្ទក៏ខលមិនចូលថែមទៀត ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនាង និងសង្ស័យថានាងចាញ់ល្បិចអូសទាញរបស់ជនណាម្នាក់នាំទៅកាន់កន្លែងដែលមានគ្រោះថ្នាក់នោះ ទើបគាត់ជាម្ដាយបានកាន់រូបថតទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៤៥ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។
ស្រ្តីជាម្តាយនោះមានឈ្មោះ ហៀង អូន អាយុ៥២ឆ្នាំ បានបាត់កូនស្រីឈ្មោះ វណ្ណារ៉ា សៀវម៉ី អាយុ១៤ឆ្នាំ ជាសិស្ស សព្វថ្ងៃរស់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។
តាមការរៀបរាប់ស្រ្តីជាម្ដាយបាននិយាយថា កូនស្រីគាត់បានលួចចាកចេញពីផ្ទះ នៅវេលាម៉ោងប្រហែល២និង៣០នាទីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដោយនាងបាននាំយកទៅជាមួយគ្រឿងអលង្ការមាសចំនួន២តម្លឹង និង១ជីផងដែរ ដោយគាត់មិនបានដឹងថា នាងទៅទីណានោះឡើយ ព្រោះក្រោយពេលដែលបាត់ខ្លួនកូនស្រី គាត់បានព្យាយាមខលរកនាងដែរ ប៉ុន្តែទូរស័ព្ទនាងខលមិនចូលសោះ មិនដឹងថានាងបិទទូរស័ព្ទឬក៏មានបញ្ហាអ្វីកើតឡើងចំពោះនាងនោះឡើយ ហេតុនេះទើបធ្វើឲ្យគាត់មានការព្រួយបារម្ភខ្លាចនាងមានគ្រោះថ្នាក់ ម្យ៉ាងក៏សង្ស័យថា នាងមានអ្នកអូសទាញផងដែរ ទើបហ៊ានលួចចាកចេញពីផ្ទះដោយស្ងាត់ៗបែបនេះ។
ស្រ្តីខាងលើបានបន្តថា ដោយសារតែមិនដឹងថាត្រូវទៅរកកូននៅទីណា គាត់ក៏បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលដើម្បីសុំឲ្យជួយអន្តរាគមន៍ស្វែងរក ដោយគាត់បាននាំយករូបថតកូនស្រីគាត់ទៅបង្ហាញដល់នគរបាលមើលពីភិនភាគ ដើម្បីងាយស្រួលរក មិនតែប៉ុណ្ណោះគាត់ប្ដឹងសុំឲ្យនគរបាលជួយចាត់ការទៅលើជនសង្ស័យដែលគាត់មានការសង្ស័យថា ជាអ្នកប្រើល្បិចអូសទាញកូនស្រីគាត់ទៅជាមួយផងដែរ៕ សុខា សែនជ័យ
...