កម្លាំងទាហានរបស់សម្ពន្ធមិត្តអារ៉ាប់ និងក្រុមជនជាតិឃើដ ដឹកនាំដោយអាមេរិក បានបើកការវាយប្រហារទៅលើក្រុម IS នៅជិតស្រុកBirFawazមានចម្ងាយពីទីក្រុង Raqa ប្រមាណជាង២០គីឡូម៉ែត្រ ។
សារព័ត៌មាន AP បានផ្សាយថា មន្ត្រីជាន់ខ្ពស់របស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅថ្ងៃទី៨ខែមីនា ថា អាមេរិកនឹងបញ្ជូនទាហានជើងទឹកវាយឡើងគោក ប្រមាណ២០០នាក់និងអាវុធ ធុនធ្ងន់ ទៅកាន់ប្រទេសស៊ីរី ត្រៀមលក្ខណៈ វាយប្រហារទៅលើក្រុម IS បណ្ដេញចេញ ពីទីក្រុងរ៉ាក់កា ។
ការសម្រេចបញ្ជូនកម្លាំងទាហានខាងលើ បានបង្ហាញយ៉ាងច្បាស់ថា សេតវិមានបានគិតគូរដល់ការកម្ចាត់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ។ មន្ត្រីអាមេរិក បានបញ្ជាក់ថា ការបញ្ជូនកម្លាំងទាហាន ជើងទឹកវាយឡើងគោក គឺជាការត្រៀម លក្ខណៈជួយដល់កម្លាំងទាហានក្នុងតំបន់ ក្នុងការវាយប្រហារទៅលើក្រុម IS ។
ជាមួយគ្នានេះ អាមេរិកបានត្រៀម លក្ខណៈបញ្ជូនកម្លាំងទាហានរាប់រយ នាក់ទៅកាន់ប្រទេសគុយវ៉ែត ជាការត្រៀម លក្ខណៈនៅក្នុងសង្គ្រាមវាយប្រហារក្រុម IS។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលមន្ទីរបញ្ចកោណ បានស្នើគម្រោងដល់សេតវិមានពីសកម្មភាពប្រឆាំងក្រុម IS ។
គម្រោងបញ្ជូនទាហានខាងលើរបស់ អាមេរិក គឺជាការជួយដល់ខ្មាន់កំាភ្លើងក្រុម ប្រឆាំងស៊ីរីក្នុងការវាយប្រហារដណ្តើមទីក្រុង រ៉ាក់កា ពីដៃក្រុម IS មកវិញ៕
ប្រែសម្រួល៖ ម៉ែវ សាធី