ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាឲ្យចុះធ្វើអធិការកិច្ចជាបន្ទាន់ ពាក់ព័ន្ធករណីលោកអនុប្រធានតុលាការខេត្តកំពង់ស្ពឺដកកាំភ្លើងភ្ជង់ក្បាលក្រឡាបញ្ជីជាជនពិការ និងគ្រវែងឈើច្រត់ចោល ។ ចំណាត់ការរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើឡើងបន្ទាប់ពីអ្នកច្បាប់មួយរូប មានតួនាទីជាអនុប្រធានតុលាការ ចរិកមិនថ្លៃម៉ាក់ងាយ ប្រមាថអាយុជីវិតកូនចៅជាក្រឡាបញ្ជី និងជាជនពិការផ្អើលខេត្តកំពង់ស្ពី ខណៈលើកកាំភ្លើងភ្ជង់ក្បាល និងយកឈើច្រត់គ្រវែងចោល។
លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជី និងជាជនពិការ ដែលទទួលរងនូវការប្រមាថមើលងាយដល់អាយុជីវិតបានដាក់ពាក្យប្តឹងលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្ត រឿងដកកំាភ្លើងភ្ជង់ក្បាល និងគ្រវែងឈើច្រត់ចោលនោះ ភ្លាមៗនៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ ។ ស្របពេលរឿងនេះកើតឡើង លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា បានបញ្ជាឲ្យធ្វើអធិការកិច្ចជាបន្ទាន់មួយចំពោះរឿងនេះ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អង្គភាពសារព័ត៍មានមុននេះបន្តិចថា «ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យចុះធ្វើអធិការកិច្ចបន្ទាន់មួយ ពាក់ព័ន្ធនឹងករណីនេះហើយ ដើម្បីរកខុសត្រូវ និងរកយុត្តិធម៌ជូនជនរងគ្រោះ»។
សូមបញ្ជាក់ថា លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីដែលជាជនពិការមួយរូប នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្ដឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅលើអនុប្រធានសាលាដំបូងលោកចៅក្រម ម៉ែន វណ្ណៈ ពីបទគំរាមកំហែងអាយុជីវិត ដោយយកកាំភ្លើងភ្ជង់ក្បាល ព្រមទាំងយកឈើច្រត់របស់លោកគ្រវែងចោល ដែលបង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ។
ពាក្យបណ្ដឹងដែលបានរៀបរាប់ ហេតុការណ៍កើតឡើង២ដង ដោយលើកទី១ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ចារបានឃើញ និងគោរពជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមមេត្តាពិនិត្យ និងសម្រេច ៕
ខាងក្រោមនេះ ជាពាក្យបណ្ដឹងរបស់លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ស្ពឺ ៖