ភ្នំពេញ៖ កម្មករសំណង់ម្នាក់បានរត់មកកាន់ប៉ុស្តិ៍ចោមចៅសុំការអន្តរាគមន៍បន្ទាប់ពីជនសង្ស័យបានលួចម៉ូតូទៅបាត់ខណៈកំពុងធ្វើការនៅជាន់លើហើយបានទុកម៉ូតូនៅជាន់ទាល់ដី ចុះមកវិញមិនដឹងបាត់ពីពេលណា។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់មួយកន្លែងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះមាស ចាន់ធឿន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអូស្រងាំ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FA 6781។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូនៅខាងក្រោមការដ្ឋានដោយមានម៉ូតូ២គ្រឿង ហើយបានឡើងទៅធ្វើការនៅជាន់ទី៣ខណៈចុះមកមើលម៉ូតូស្រាប់តែបាត់ម៉ូតូរបស់ខ្លួន ដោយឡែកម៉ូតូមួយគ្រឿងទៀតនៅដដែល ទើបឆោឡោឡើងរត់ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍។
បើតាមម្ចាស់ផ្ទះលក់ចាបហួយនៅខាងក្រោមផ្ទះក្បែរការដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកហើយបានមកយកម៉ូតូជនរងគ្រោះទៅដោយមិនចាប់អារម្មណ៍ក្រោយមកទើបជនរងគ្រោះឆោឡោឡើងថាបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលតែម្តង៕ សុខាសែនជ័យ
...