ភ្នំពេញ៖ យោងតាមផែនការមេស៊ី ហ្គេមឆ្នាំ២០២៣តម្រូវឲ្យគ្រប់សហព័ន្ធជាតិទាំងអស់ចាប់ផ្តើអនុវត្តការងារបច្ចេកទេសរៀងៗខ្លួនពីឆ្នាំ២០១៧នេះទៅហើយនៅឆ្នាំ២០២០ខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងវាយតម្លៃទៅលើសមត្ថភាពរបស់សហព័ន្ធកីឡាជាតិនីមួយៗថាតើសហព័ន្ធណាខ្លះត្រូវរក្សាទុកក្នុងបញ្ជីឈ្មោះស៊ីហ្គេមនិងសហព័ន្ធណាត្រូវបណ្តេញចេញ។ នេះបើតាមការលើកឡើងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងក្នុង មហាសន្និបាតកីឡាវាយកូនឃ្លីលើតុកម្ពុជា កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០១៧នៅទី ស្នាក់ការ NOCC ។
លោកអគ្គលេខាធិការបានថ្លែងថា សហព័ន្ធកីឡាជាតិនីមួយៗត្រូវចាប់ផ្តើម ពង្រឹងសមត្ថភាពរដ្ឋបាលកីឡារបស់ខ្លួន ព្រមទាំងបច្ចេកទេសចាប់ពីឆ្នាំ២០១៧នេះតទៅ។ អូឡាំពិកមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាបច្ចេកទេសព្រោះសល់ពេលតែ៦ឆ្នាំប៉ុណ្ណោះ ដូច្នេះយើងមិនទុកឲ្យសហព័ន្ធកីឡាជាតិណាមួយធ្វើឲ្យធ្លាក់ចុះនូវកិត្តិយសរបស់ជាតិនោះប្រសិនបើយើងមិនខិតខំនោះកិត្តិយសជាតិកិត្តិយសប្រទេស កិត្តិយសយើងទាំងអស់គ្នាត្រូវធ្លាក់ចុះនៅឆ្នាំ២០២៣ខាងមុខនេះ។
លោកបានបញ្ជាក់ថា “ផែនការមេស៊ី ហ្គេមឆ្នាំ២០២៣តម្រូវឲ្យគ្រប់សហព័ន្ធជាតិទាំងអស់ចាប់ផ្តើមអនុវត្តការងារបច្ចេកទេសរៀងៗខ្លួនពីឆ្នាំ២០១៧នេះដោយលែងគិតពីជម្លោះផ្ទៃក្នុងអីទាំងអស់ ហើយនៅឆ្នាំ ២០២០ឬក៏២០២១ស៊ីហ្គេមនៅប្រទេសវៀតណាមរួចយើងនឹងទម្លាក់ចោលនូវ សហព័ន្ធកីឡាជាតិណាដែលពុំមានសមត្ថភាពលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងដណ្តើមយក មេដាយស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ជូនជាតិបាន” ។
លោកអគ្គលេខាធិការដដែលបាន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ពេលសម្តេចអញ្ជើញទៅដល់ណាអំពាវនាវដល់កន្លែងនោះដើម្បីស្វែងរកការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួម ពិសេសប្រជា ពលរដ្ឋកម្ពុជាតាមរយៈគោលការណ៍ពល រដ្ឋម្នាក់ត្រូវចេះលេងកីឡា១ប្រភេទយ៉ាង តិច ។ ដើម្បីឲ្យសហព័ន្ធកីឡាមួយអាច ដើរទៅប្រកបដោយភាពជោគជ័យ សហព័ន្ធនោះត្រូវតែមានអភិបាលកិច្ចល្អនៅក្នុងវិស័យកីឡាគឺសំដៅធ្វើយ៉ាងណា ឲ្យមានសមធម៌ និងយុត្តិធម៌នៅក្នុងការ គ្រប់គ្រងការងាររដ្ឋបាលបច្ចេកទេស និងការជ្រើសរើសកីឡាករកីឡាការិនីដោយស្មើភាពគ្នា៕ សារីម