ភ្នំពេញ៖ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល២ថ្ងៃរួចមកអត្តពលិកជនពិការ កាយសម្បទានិងសតិបញ្ញាប្រមាណ៥៧នាក់ទទួលបានការផ្តល់កិត្តិយសពីសំណាក់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលរៀបចំដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសហការជាមួយអង្គការបេះដូងមាសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅ ពហុកីឡដ្ឋានជាតិ ។
ក្រោយពីបំពាក់មេដាយជូនជ័យលាភី រួចមកលោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងអង្គការដៃគូហើយអ្វីដែល ពិសេសនោះគឺកីឡាករ កីឡាការិនីជនពិការកម្ពុជាកាន់តែមានភាព ក្លាហាន និងឱកាសបញ្ចេញសមត្ថភាពនៅលើទីលានប្រកួតដូចជនធម្មតាដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ ២០២៣ខាងមុខព្រះរាជាណាចក្រកម្ពុជា យើងនឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ដូច្នេះលោកបានជំរុញឲ្យកីឡាករ កីឡាការិនីជនពិការទាំងអស់ត្រូវខិតខំ បន្ថែមទៀត ជាពិសេសការចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅ ប្រទេសម៉ាឡេស៊ីក្រោយការប្រកួតកីឡាស៊ីហ្គេមលើកទី១៩តែប៉ុន្មានខែប៉ុណ្ណោះ។ ក្រៅពីការចូលរួមខាងលើនេះកីឡាជន ពិការនៅមានភារកិច្ចជាច្រើនទៀតដូចជាការចូលរួមប្រកួតកីឡាប៉ារ៉ាអូឡាំពិក អាស៊ី ប៉ារ៉ាហ្គេមជាដើម ។
ទន្ទឹមនឹងការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងអបរំយុវជននិងកីឡាខាងលើនេះដែរលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបាន ឲ្យដឹងថា ការប្រកួតថ្ងៃនេះធ្វើឡើងក្នុងគោល បំណងតេស្តសមត្ថភាពកីឡាករកីឡាការិនី ជនពិការរបស់យើងដើម្បីហ្វឹកហាត់ត្រៀមសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើទី៩នៅ ប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧នេះ ។
លោកអគ្គលេខាធិការបានវាយតម្លៃ ខ្ពស់ចំពោះការប្រកួតកីឡាអត្តពលកម្ម លើវិញ្ញាសារត់និងជិះរទេះរបស់អត្តពលិកជនពិការដែលជាសញ្ញាថ្មីមួយសម្រាប់ឈានទៅដណ្តើមយកមេដាយនៅព្រឹត្តិ ការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩។ ម្យ៉ាង ទៀតគណៈកម្មាធិការជាតិបានរកឃើញ កីឡាករកីឡាការិនីវ័យក្មេងបានច្រើន ប៉ុន្តែកីឡាករកីឡាករចាស់ៗក៏ពុំទាន់មានកីឡាករកីឡាការិនីវ័យក្មេងណាម្នាក់មានលទ្ធភាពអាចប្រជែងយកជ័យជម្នះលើអ្នកចាស់ បានដែរ។ ដូច្នេះក្តីសង្ឃឹមសម្រាប់កីឡា អត្តពលកម្មដណ្តើមយកមេដាយមានច្រើន វិញ្ញាសាណាស់ក្រៅពីអត្តពលកម្មគណៈ កម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាក៏មានសេចក្តីសង្ឃឹមលើវិញ្ញាសាហែលទឹកនិងវិញ្ញាសាដទៃទៀតផងដែរ ៕ សារីម