ស្ត្រីជនពិការម្នាក់បាត់ខ្លួនកូនស្រី២ថ្ងៃកាន់រូបថតដើររកគ្រប់ទីកន្លែងមិនឃើញ ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍

ចែករំលែក៖

 ភ្នំពេញ ៖ ស្រ្តីជាជនពិការម្នាក់ រួមដំណើរជាមួយកូនរបស់គាត់ផ្សេង ទៀត និងសាច់ញាតិផងបានកាន់រូបថត កូនស្រីជាទីស្រឡាញ់ស្មើជីវិតម្នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៧ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយ អន្តរាគមន៍ស្វែងរកកូនស្រីរបស់គាត់ ដែលបានបាត់ខ្លួនអស់រយះពេល២ថ្ងៃមកហើយ មិនដឹងទៅណា ហើយមានលុយជាប់នឹងខ្លួនជិត១ពាន់ដុល្លារ ដែលជាលុយលេងតុងទីន និងប្រាក់ខែ រួមជាមួយគ្រឿងអលង្ការ ខ្សែដៃ ខ្សែក និងក្រវិល ផងដែរ ខ្លាចមានអ្នកគំនិតអាក្រក់លួងលោមនាងយកទៅធ្វើបាប យកលុយ និងគ្រឿងអលង្ការខាងលើនោះ។

ក្មេងស្រីដែលបានបាត់ខ្លួននោះឈ្មោះ ស្រស់ ស្រីគន់ ហៅរស្មី អាយុ២២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ផលិតស្បែកជើង យីហោ យូឌីស្កូ ហើយនាងក៏ធ្វើជាមេតុងទីនផងដែរ និងស្នាក់នៅផ្ទះ ជួលជាមួយមិត្តភក្ដិស្រីម្នាក់ទៀត នៅម្ដុំរោងចក្រកាត់ដេរ ឃ្យូ អឹម អាយ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានម្ដាយឈ្មោះ អ៊ាត ធី អាយុ៤៧ឆ្នាំ ជាជន ពិការ(ស្វិតជើងស្ដាំ) មានទីលំនៅក្នុងភូមិកោះគ្របបាយ ឃុំកំពង់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

គាត់បាននិយាយថា កូនស្រ្តីគាត់បានចាកចេញពីស្រុកកំណើត នៅខេត្តកំពង់ធំ មកធ្វើជាកម្មការិនីរោងចក្រ ខាងលើនោះ រយៈពេល៥ឆ្នាំកន្លងមកហើយ កន្លងមកពេលបើកប្រាក់ខែបានលុយ តែងតែបានផ្ញើតាមវីង ឲ្យគាត់ ដើម្បីបានចាត់ចែងចាយវាយមិនដែលអាក់ខានឡើយ ។ ដោយឡែកកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កូនស្រីគាត់បានប្រាប់មិត្ត ភក្ដិដែលស្នាក់នៅជាមួយគ្នានោះថា ទៅធ្វើការហើយក៏បានដើរចាកចេញពីបន្ទប់ជួលបាត់រហូត ដោយមិនឃើញទៅធ្វើការឡើយ ហើយដល់វេលាល្ងាចថ្ងៃដដែល មិនឃើញត្រឡប់ទៅកាន់ផ្ទះជួលវិញទៀត ។ ចំណែកឯទូរស័ព្ទនាងក៏បាន បិទខលមិនចូលឡើយ មេក្រុមរបស់នាងខលប្រាប់គាត់ថា កូនស្រី មីងបាត់ខ្លួនហើយ ទើបគាត់បានដឹង និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនោះគាត់បានធ្វើដំណើរ ចាកចេញពីផ្ទះមកភ្នំពេញយ៉ាងតក់ ក្រហល់ ដើម្បីស្វែងរកកូនស្រី តែរកមិនឃើញឡើយ ទើបសម្រេចចិត្តប្ដឹងសុំឲ្យនគរបាល ជួយស្វែងរកកូនស្រីគាត់ផង ៕សុខាសែនជ័យ

image1-20 image2-15

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print