ព្រៃឈើក្នុងស្រុកភ្នំក្រវាញដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានកំពុង ប្រឈមនឹងការបំផ្លាញយ៉ាងពេញបន្ទុក ព្រោះមន្ត្រីបរិស្ថានមិនចាត់វិធានការបង្ក្រាប តាមតួនាទីរបស់ខ្លួនឡើយ ហើយគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ ជាក់ស្តែង មួយរយៈកន្លងទៅនេះកម្លាំងកងរាជអាវុធហត្ថង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថាន ព្រោះមន្ត្រីបរិស្ថានជាខ្នងបង្អែកនៅពីក្រោយបទល្មើសយ៉ាងគឃ្លើន ។
កាលពីរសៀលថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់ដែលមានមន្ត្រីបរិស្ថានឈរជើងយ៉ាងច្រើន នៅក្នុងដីចម្ការមួយកន្លែងក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ឈើដែលបង្ក្រាបបានរួមមានប្រភេទធ្នង់ចំនួន៣៨ដុំ ឈើហ៊ុបអារជាជ្រុង ប្រភេទរាជកុលមាន២២ដុំ ។
ប្រភពបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញនៅតែបន្តកើតឡើងរាលដាលដដែល ដោយសារតែមន្ត្រីបរិស្ថានក្រោមការគ្រប់គ្រងរបស់លោក ប៉ាន់ មរកត មិនចាត់ការបង្ក្រាបនិងរាយ ការពីបទល្មើសឡើយ។ ផ្ទុយទៅវិញប្រភពខ្លះបានឲ្យដឹងថា មន្ត្រីបរិស្ថាននិងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត ក្នុងនោះមានទាំងមន្ត្រីរដ្ឋបាលព្រៃឈើផងដែរជាអ្នកឃុបឃិតគ្នាឲ្យមានបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ពេញបន្ទុកដើម្បីជាថ្នូរនឹងផល ប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ប្រការនេះធ្វើឲ្យព្រៃឈើនៅតំបន់នោះនឹងរលាយ ហិនហោចជាមិនខាន ៕










