ខេត្តព្រះសីហនុ ៖ រថយន្តកងទ័ពជាច្រើនគ្រឿងនិងរថយន្តសុីរ៉ែននាំក្បួនការពារសន្តិសុខមុខក្រោយរួមនឹងមន្ត្រីអនុរក្ស មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថនិង មន្ត្រីកងទ័ពជាច្រើននាក់ផងនោះនៅម៉ោង៧ព្រឹកថ្ងៃទី១៦មីនាឆ្នាំ២០១៧បានរៀបចំក្បួនរថយន្តដើម្បីដឹកជញ្ជូនក្រុមអ្នកទោសទណ្ឌិតនិងពិរុទ្ធជនប្រុសស្រីជិត៨០០នាក់ចេញពីអគារពន្ធនាគារចាស់នៅក្នុងសង្កាត់លេខ៣ឆ្ពោះទៅកាន់អគារពន្ធនាគារថ្មីដែលទើបនឹងសាងសង់រួចមានចំនួន៣អគារ លើទំហំផ្ទៃដីសរុប៣ម៉ឺនម៉ែត្រការ៉េស្មើនិង៣ហិកតានៅដីតំបន់ក្បាលឆាយក្បែរទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ។
មន្ត្រីអគារនុរក្សពន្ធនាគារខេត្តបានឲ្យដឹងថាដោយសារតែអគារពន្ធនាគារចាស់មានសភាពតូចចង្អៀតដែលមានផ្ទៃដីសរុបជិត១ម៉ឺនម៉ែត្រការ៉េ(ជិត១ហិកតា)ហើយអ្នកទោសបានកើនឡើងជាបន្តបន្ទាប់ផងនោះទើបថ្នាក់ដឹកនាំបានសម្រេចសាងសង់អគារពន្ធនាគារថ្មីដែលមានផ្ទៃដីធំទូលាយល្អសម្រាប់ឲ្យក្រុមទណ្ឌិតដែលជិត រួចទោសនាំគ្នាធ្វើពលកម្មនិងហាត់ប្រាណរួមនិងការបណ្តុះបណ្តាលជំនាញក្នុងការធ្វើកសិកម្មនឹងឧស្សាហ៍កម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងទៀតហើយ ម្យ៉ាងទៀតទីតាំងថ្មីនេះមានបរិយាកាសល្អខ្យល់បរិសុទ្ធសម្រាប់អ្នកជាប់ទោសក្នុងពន្ធនាគារ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា តាមផែនការដែលបានគ្រោងទុកក្រុមទណ្ឌិតនិងពិរុទ្ធជនទាំងជិត៨០០នាក់នេះនឹងផ្ទេរដឹកទៅដាក់ឃុំឃាំងនៅក្នុងទីតាំងថ្មីដោយប្រើរយៈពេលចំនួន២ថ្ងៃទើបចប់រួចរាល់ ។ មន្ត្រីដដែលបានឲ្យដឹងទៀតថាទណ្ឌិតនិងពិរុទ្ធជនដែលបានជាប់ ឃុំនៅក្នុងពន្ធនាគារពេលនេះគិតទាំងស្រីប្រុសមានចំនួន សរុប៧៩២ នាក់។មន្ត្រីដដែលបានបញ្ជាក់ឲ្យដឹងទៀតថា អគារពន្ធនាគារថ្មីនេះមានចម្ងាយពីទីតាំងអគារពន្ធនាគារចាស់ ប្រមាណ៨គឺឡូម៉ែត្រ ៕ ឆ្លាមសមុទ្រ














