ភ្នំពេញ៖ អ្នកប្រដាល់ ឡុង សំណាង ក្លិបសាលវ័ន្តកីឡា និងកីឡាករ ឃីម បូរ៉ា អ្នក ប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមាន ជ័យធ្វើឲ្យអ្នកនិយមទស្សនាការប្រកួតកីឡា ប្រដាល់រារែកចិត្តយ៉ាងខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងតំណែងម្ចាស់ពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៦០គីឡូក្រាម ដែលមានទឹកប្រាក់៤.០០០ដុល្លារអាមេរិក នៅសង្វៀន TIFFY Arena នាល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧នេះ ។
ប្រវត្តិសង្ខេបរបស់កីឡាករឃីម បូរ៉ាវិញ ៤ដំណាក់កាលកន្លងមកវាយឈ្នះលើកទី ១កីឡាករ ព្រឹម ព្រេម មកពីក្លិបបាគងមាន ឫទ្ធិ ខេត្តសៀមរាបក្នុងទឹកទី២ លើកទី២ ឈ្នះកីឡាករ ផាន់ សារុន មកពីក្លិបគជ់សា កីឡាដោយពិន្ទុ លើកទី៣ឈ្នះកីឡាករ វេន សុភ័ក្រ មកពីក្លិបកងពលតូចទ័ពឆ័ត្រយោង ៩១១ដោយពិន្ទុ និងលើកទី៤ប្រកួតពាក់ កណ្តាលផ្តាច់ព្រ័ត្រវាយឈ្នះកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ដោយ ពិន្ទុ ។
ដោយឡែកអ្នកប្រដាល់ ឡុង សំណាង វិញបានឆ្លងកាត់ការប្រកួតជម្រុះចំនួន៤ ដំណាក់កាលដែរដោយវាយឈ្នះទាំង៤ ប្រកួត។ ក្នុងនោះលើកទី១ឈ្នះកីឡាករ ធឿន ធី មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ លើកទី២ឈ្នះកីឡាករ ញ៉េ សិទ្ធ មកពីក្លិបអេ ភូថងកីឡាក្នុងទឹកទី២ លើកទី៣ឈ្នះកីឡាករ ឌុម កែវដប មកពី ក្លិបសុភានូមានជ័យដោយពិន្ទុ និងលើកទី ៤វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាករ ឡុង សំណាង វាយឈ្នះកីឡាករជើងចាស់ លាស់ យីន មកពីក្លិបសម្រែករាជសីហ៍ ដោយពិន្ទុ ។
អ្នកគាំទ្រពិបាកសម្រេចចិត្តព្យាករណ៍ ទុកមុនចំពោះលទ្ធផលប្រកួតចុងក្រោយ របស់កីឡាករទាំង២នាក់នេះ។ តាមការ កត់សម្គាល់នោះពួគេពុំធ្លាប់មានប្រវត្តិជួបប្រកួតគ្នាទេកន្លងមក តែបើតាមក្រុមអ្នក វិភាគប្រដាល់ក្នុងស្រុកអះអាងថា ឃីម បូរ៉ា នឹងអាចទទួលបានតំណែងជើងឯកនេះ ព្រោះ បូរ៉ា មានស្នៀតវាយចេញល្អជាង ឡុង សំណាង ។
ចំពោះកីឡាករ លាស់ យីន អ្នកប្រដាល់ ក្លិបសម្រែករាជសីហ៍ដែលត្រូវប្រកួត ដណ្តើមយកលេខ៣ជាមួយបឺត សង្ឃឹម ក្លិប រ៉ាហាប់ស្វាយប៉ាកវាយដណ្តើមយកចំណាត់ ថ្នាក់លេខ៣និងលេខ៤ ។
គួរបញ្ជាក់ថា សម្រាប់អ្នកទទួលបាន ជើងឯកប្រចាំ TV5 Knock Out Series ទម្ងន់៦០គីឡូក្រាមទទួលបានពាន១ និងប្រាក់រង្វាន់ចំនួន៤.០០០ដុល្លារ, លេខ២ ទទួលបានពាន១ ប្រាក់រង្វាន់២.០០០ ដុល្លារ, លេខ៣ទទួលបានពាន១ប្រាក់ រង្វាន់អម៧៥០ដុល្លារ និងលេខ៤ទទួលបានប្រាក់ចំនួន៥០០ដុល្លារ ៕ សារីម













