ខេត្តកំពង់ចាម ៖ ជិះឌុបគ្នាទាំងកណ្តាលអធ្រាត្រ ក្នុងស្ថានភាពស្រវឹងបានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកចិញ្ចើម ស្ពានគីហ៊្សូណាបណ្តាលឲ្យនារីវ័យ៣៨ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង និងបុរសជាអ្នកឌុបរងរបួសធ្ងន់ ខណៈ នោះគេឃើញមានស្រាបៀរលីអូ LOE ជ្រុះរាយប៉ាយលើស្ពានទៀតផង ។
ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
ក្រោយកើតហេតុការណ៍នេះ សមត្ថកិច្ចបានធ្វើការពិនិត្យ រកអត្តសញ្ញាណបុរសរងរគ្រោះ ប៉ុន្តែមិនមានប័ណ្ណ សម្គាល់ជាប់ខ្លួនទេ កម្លាំងជំនាញកំពុងតែស្រាវជ្រាវរកសាច់ញាតិ ។ ចំណែកអ្នករួមដំណើរនារីដែលត្រូវបាត់បង់ ជីវិតនៅកន្លែងកើតហេតុ ឈ្មោះ ស៊ង លី អាយុ៣៨ឆ្នាំ រស់នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកធូដេ ពណ៌ផ្កាឈូក គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់ឈ្មោះ ឌុបនារីម្នាក់ឈ្មោះ ស៊ង លី អាយុ៣៨ឆ្នាំ នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នសពឈ្មោះស៊ង លី ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ














