ខេត្តសៀមរាប ៖ មន្រ្ដីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាប់បានរថយន្តដឹកឈើគ្រញូងមួយគ្រឿងលោតឆ័ត្រសង្ស័យមិនបានប្រាប់ ឬបង់លុយឲ្យសមត្ថកិច្ចមួយចំនួន ខណៈរថយន្តដឹកឆ្លងកាត់យកទៅលក់ នៅក្នុងទីផ្សារងងឹត ។ ករណីនេះបានកើត ឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិរហាល ឃុំត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។
តាមប្រភពព័ត័មានពីសមត្ថកិច្ចម្នាក់ បានខ្សឹបប្រាប់ថា រថយន្ដដឹកបទល្មើសនេះតែងលួចធ្វើសកម្មភាពដឹកជញ្ជូនឈើជារឿយៗចូលខេត្តសៀមរាប ពុំមានការ បង្ក្រាបនោះទេ ចាប់តាំងពីមានការផ្លាស់ ប្ដូរ មេព្រៃរួចមក ពោលក្រោយពេលប្ដូរ នាយខ័ណ្ឌរដ្ឋបាល ព្រៃឈើសៀមរាប ចាស់ចេញ។ រថយន្ដដែលឃាត់បានម៉ាក ហាយឡែនឌ័រ ពណ៌ឈាមជ្រូក ពាក់ ស្លាកលេខភ្នំពេញ2K.3540ដឹកឈើ គ្រញូង ។ ក្នុងនោះសមត្ថកិច្ចពិនិត្យឃើញមានឈើចំនួន៣៦ដុំទម្ងន់២៣៥គីឡូ ក្រាម ស្មើ០.១៩៥ម៉ែត្រគូប ហើយក្រោយ បានបញ្ចូននិងឈើទាំងរថយន្ដទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុង ឃុំព្រះដាក ខណៈអ្នកបើកបរបានរត់ គេចខ្លួន ។
លោកម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបញ្ចាក់ថា តាមច្បាប់ ប្រកាសរយៈពេល៣០ថ្ងៃ ដើម្បីឲ្យម្ចាស់ ចូលខ្លួនមកផាកពិន័យ តែបើមិនចូលខ្លួនទេនិងកសាងសំនុំរឿងបញ្ចូនទៅតុលាការ ប៉ុន្ដែករណីដឹកជញ្ចូនឈើប្រណីតនេះ ទោះម្ចាស់ចូលខ្លួនមកក៏ត្រូវចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់ដែរ ព្រោះនេះជាបទល្មើសមានទោសឧក្រិដ្ឋដែលមានចែងនៅក្នុងច្បាប់ ៕ ប៊ុន រិទ្ធី














