ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ បានអោយដឹងថាករណីបាញ់សម្លាប់ទៅលើជនសង្ស័យ ជួញដូរគ្រឿងញៀន លោកបានកំណត់មុខសញ្ញាបានហើយគឺជាក្រុមកូនចៅរបស់លោកតែលោកមិនទាន់ហ៊ានឃាត់ខ្លួនដោយសារតែមិនមានបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ គឺ រង់ចាំបញ្ជាលោក ជីវ ចាន់ដារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវសិន ។ លោក ឧត្តមសេនីយ៍ត្រី បានបន្តរទៀតថាវាមិន ពិបាកក្នុងការរកជនដៃដល់ដែលបានបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនខាងលើនោះទេ ព្រោះការងារដែលចុះទៅបង្រ្គាបនោះជាក្រុមកូនចៅរបស់លោក និងមានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមគ្រួសារជនសង្ស័យជួញដូរគ្រឿងញៀនដែលបានស្លាប់ដោយសារការបាញ់ដោយកូនចៅរបស់លោក បានដាក់ពាក្យបណ្តឹងតាមរយះអធិការនគបាលស្រុកសំរោង រួច ហើយ បច្ចុប្បន្នហើយសំណុំរឿងបានបញ្ជូនមកដល់ស្នងការនគបាលខេត្តតាកែវ រួចហើយកម្លាំងជំនាញកំពុងតែកសាងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។ ចំណែកឯជនដៃដល់ដែលជាកូនចៅរបស់លោកពុំបាន រត់គេចខ្លួននោះទេឲ្យតែមានដីការឃាត់ខ្លួនពីស្ថាប័នតុលាការលោកនិងឃាត់ខ្លួនភ្លាម។
គួបញ្ជាក់ថាកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ មានករណីបង្រ្គាបបទល្មើសជួញដូរគ្រឿងញៀនមួយ នៅជិតផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលពេលនោះកម្លាំងនគបាលខេត្តតាកែវបានដាក់ខ្នោះជនសង្ស័យរួចបាញ់មួយគ្រាប់ចំក្បាលបណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។ ជុំវិញករណីខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការ ពន្យល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវបានទេ។ ចំណែកលោក ជីវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយពេលអ្នកយកព័ត៌មាន ទូរស័ព្ទទៅលោកដើម្បីសុំការពន្យល់ជុំវិញករណីបាញ់សម្លាប់ជនសង្ស័យជួញដូរ គ្រឿងញៀនខាងលើលោកបានត្រឹមតែ និយាយថាជាប់រវល់ប្រជុំឥតឈប់ ។
បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះកំពុងតែដង្ហោយរកយុត្តិធម៌ព្រោះកូនរបស់គាត់ពុំមានពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀននោះទេ ។ ប្រភពច្បាស់ការបានធ្លាយចេញពីស្នងការដ្ឋាននគបាលខេត្តតាកែវ ថាជនសង្ស័យដែលបានបាញ់សម្លាប់ជន រងគ្រោះខាងលើនេះ ជាមនុស្សជំនិតរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ដែលមនុស្សជំនិតនេះមានក្រុមរបស់គេដែលមានឈ្មោះថា ក្រុមតោ ហើយក្រុមនេះគឺលោកស្នងការជាអ្នកបង្កើតឡើងដែលចំរាញ់ យកមនុស្សពិសេសៗ ហើយប្រើប្រាស់អាវុធខ្លីម៉ាកទំនើបៗ ។ ក្រុមតោ នេះពុំមានការ យល់ដឹងពី សីលធម៍ សុជីវធម៌និងផ្លូវច្បាប់គ្រប់គ្រាន់នោះទេ គឺគ្រាន់ជាក្រុមមនុស្សដែលហ៊ានបាញ់បោះសម្លាប់គេយកមកប្រើនៅក្នុងអង្គរភាពតែប៉ុណ្ណោះ ៕ ភ្នំដា











