ខេត្តកណ្តាល ៖ នគរបាលប៉ុស្តិ៍ព្រែកថ្មី សហការជាមួយនគរបាលស្រុកកោះធំបានចុះធ្វើការស្រាវជ្រាវនិងឃាត់ជនសង្ស័យម្នាក់ ពីបទប្លន់ម៉ូតូកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខវត្តព្រែកតាដួង ក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល រួចញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិស្វាយតាមេឃ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្ដាល ពេលដែលជនសង្ស័យទើបត្រឡប់មកពីភ្នំពេញវិញ ។
ជនសង្ស័យឈ្មោះ ហេង ចាន់ហ៊ាង ហៅ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយ តាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ អាន បញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរសិស្ស ។ ម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1Q-7215 ដែលមានលេខតួ និងលេខម៉ាស៊ីន 9045541 ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ និងមិត្តស្រីម្នាក់បានអង្គុយលេងនៅអង្គុយលេងក្រោមដើម ពោធិ៍ ខាងមុខវត្តព្រែកតាដួង ដោយទុកសោជាប់និងម៉ូតូចតក្បែរខ្លួន ខណៈនោះជនសង្ស័យដែលជាមនុស្ស ញៀនថ្នាំផង បានដើរតម្រង់មក និងមានកាន់ដំបងឈើជ្រុងមួយកំណាត់ ឡើងជិះពីលើម៉ូតូ ។ ពេលនោះជនរង គ្រោះបានមកប្រតាយយកម៉ូតូវិញ តែត្រូវជនសង្ស័យស្រែកខ្លាំងៗ និងច្រានឲ្យដួលរួចបញ្ឆេះម៉ូតូជិៈទៅបាត់ តែម្ដង ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ។
ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចជំនាញស្រុកសហការជាមួយប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី និងប៉ុស្ដិ៍កោះធំ(ខ) បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យ ។ លុះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចស្រាវជ្រាវរកចាប់ជនសង្ស័យបាន នៅចំណុចផ្ទះរបស់ខ្លួន ក្នុងភូមិស្វាយ តាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ពេលដែលជនសង្ស័យ ទើបត្រឡប់មកពីរាជធានីភ្នំពេញវិញ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ បន្តចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ហេង ចានហ៊ាង បានសារភាពថា ខ្លួនពិតជាបានប្លន់យកម៉ូតូ១គ្រឿង របស់ជនរងគ្រោះពិតប្រាកដ មែន ។ ជនសង្ស័យបញ្ជាក់ថា បន្ទាប់ពីប្លន់ ខ្លួនបានកាច់ស្លាកលេខបោះចោល ហើយយកទៅលក់ និងបញ្ចាំ នៅឯរាជធានីភ្នំពេញ តែគ្មានអ្នកទិញ ក៏យកទៅឲ្យគេស៊ីគ្រឿងបានប្រាក់៥០$ យកទៅជក់គ្រឿងញៀនអស់ ។ ដោយឡែកម៉ូតូក្រោយពេលស៊ីគ្រឿងរួចហើយ ក៏ទុក ចោលក្បែរសាលារៀនមួយកន្លែងក្នុងរាជធានី ៕ ស្អាងជ័យ