ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានចុះទៅបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនមួយកន្លែង នៅក្នុងបន្ទប់ខារ៉ាអូខេសណ្ឋាគារ TTP3 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដកហូតបានថ្នាំញៀន១១កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀងសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន៖ ទី១ឈ្មោះ នីវ វៃ អាយុ៣៤ឆ្នាំ ទី២ឈ្មោះ លី ជីងចាវ អាយុ៣២ឆ្នាំ ទី៣ឈ្មោះ ណុង ហួយជី ភេទស្រី អាយុ២៩ឆ្នាំ និងទី៤ឈ្មោះ សឺ ជឺយេន អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមមន្រ្តីអាវុធហត្ថបានឲ្យដឹងទៀតថា វត្ថុតាងដែលដកហូតរួមមាន៖ ថ្នាំគ្រាប់ពណ៌ខៀវចំនួន៦គ្រាប់, ទូរស័ព្ទដៃចំនួន៧គ្រឿង, ម្សៅក្រាមពណ៌សចំនួន១១កញ្ចប់ (ធំ២កញ្ចប់ តូច៩កញ្ចប់) ស្មើរទម្ងន់៧,១៥ក្រាម គិតទាំងសំបកវិចខ្ចប់, បារី កញ្ឆា ចំនួន១១ដើម, ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងការិយាល័យជំនាញនៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ យឹម សុថាន