ភ្នំពេញ៖ ជនជាតិបរទេស៣នាក់បានជិះរថយន្ត១គ្រឿងម៉ាកកាម៉ារីឆ្លាមមិនចាំស្លាកមកធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋយកលុយអស់ប្រមាណជាង៣មុឺនដុល្លាររួចជិះគេចខ្លួនដោយសុវត្ថភាពមិនរំខានដល់សមត្ថកិច្ចខណ្ឌសែនសុខឡើយ។
ករណីនេះកើតឡើងកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចវីឡាភ្លោះ ផ្ទះលេខ៤៧ ផ្លូវ១A ក្នុងបុរីពិភពថ្មី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះម៉េង វ៉ាន់លី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់គ្រឿងអលង្កានៅផ្សារតនាផ្លាហ្សា ស្នាក់នៅវីឡាភ្លោះលេខ៤៧ ផ្លូវ១A ក្នុងបុរីពិភពថ្មី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិដាស់ស្ករ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមសម្ដីម្ចាស់ផ្ទះខាងលើបានប្រាប់ថា មុនកើតហេតុគាត់បានចេញពីផ្ទះយកឯកសារទៅដាក់នៅសាលាខណ្ឌទួលគោកក្រោយមកគាត់បានជិះម៉ូតូរ៉ឺម៉កត្រឡប់មកផ្ទះវិញខណៈមកដល់មុខផ្ទះអោនចាក់សោរបងស្រាប់តែឃើញជនបរទេស២នាក់លោតផ្លោះរបងចេញពីផ្ទះគាត់ទៅផ្ទះម្ខាងទៀតពេលនោះគាត់ស្មានតែសមត្ថកិច្ចដេញចាប់ពួកជនបរទេស ពេលនោះគាត់ក៏ចូលទៅក្នុងផ្ទះឃើញចំរឹងបង្អួចរបើកគាត់ក៏ចេញមកវិញស្រែកថា ចោរៗហើយជនសង្ស័យក៏រត់ឡើងរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ មិនមានស្លាកលេខ ដែលបក្ខពួកបញ្ឆេះចាំស្រាប់ពេលនោះមានសន្តិសុខក្នុងបូរីបានឃើញនិងវាយរថយន្តខាងលើមួយដៃបែកកញ្ចក់ទ្វារមុខខាងឆ្វេងហើយបោះដៃតៗគ្នាឲ្យបិតបារ៉ាស់ខាងមុខតែរថយន្តខាងលើបើកបុកបារ៉ាស់ហើយគេចខ្លួនដោយសុវត្ថិភាព។
សន្តិសុខម្នាក់ដែលកំពុងឈរយាមក្បែរគោលដៅខាងលើបាននិយាយថា នៅមុនកើតហេតុខណៈគាត់កំពុងដើរល្បាតស្រាប់តែឃើញ ជនបរទេស២នាក់រត់ចេញពីផ្ទះកើតហេតុខាងលើឡើងមកជិះរថយន្តបក្ខពួករបស់វា ហើយពេលនោះគាត់បានឮសម្លេងម្ចាស់ផ្ទះស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលផងគាត់បានព្យាយាមចេញកាក់រថយន្តខាងលើដែរក៏ប៉ុន្តែអ្នកបើកមិនព្រមឈប់គាត់ក៏យកដៃទៅវាយកញ្ចក់ចហៀងខាងឆ្វេងមួយដៃបណ្តាលឲ្យបែកកញ្ចក់បានហៅតាមវិទ្យុទាក់ទងឲ្យសន្កិសុខដែលយាមច្រកចេញដាក់បារ៉ាស់បិទតែត្រូវបានជនសង្ស័យបើកបំបុកហើយគេចខ្លូនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លានិងខណ្ឌសែនសុខឡើយ។
តាមការបញ្ជាក់របស់ស្ត្រីម្នាក់ជាម្ចាស់ផ្ទះបានប្រាប់ថា សម្ភារដែលក្រុមជនសង្ស័យលួចយកនោះមាន ខ្សែ.ក មាសគ្រឿងពេជ្រ និងលុយដែលសរុបប្រមាណជា៣ម៉ឺនដុល្លា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹមចុះមកសាកសួរនិងទទួលបណ្តឹងនៅផ្ទះកើតហេតុតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋសម្តែងក្តីព្រួយបារម្ភ ដោយសារមួយរយៈពេលចុងក្រោយនេះមានករណីអសន្តិសុខជាច្រើនកើតឡើងដែលក្រុមជនល្មើស បានធ្វើសកម្មភាពយ៉ាងកក្រើកមិនញញឺតសមត្ថកិច្ចសោះ ចំពោះករណីចោរកម្មគាស់ផ្ទះ ឆក់ និងកាច់ក ម៉ូតូវិញ កើតឡើងក្នុងមួយថ្ងៃ២ដងក៏មាន ជនសង្ស័យបន្តធ្វើសកម្មភាពជាប់ៗគ្នាទៀតផង ហើយជនល្មើសក្រោយធ្វើសកម្មភាពហើយអាចគេចខ្លួន
ដោយសុវត្ថិភាព។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខហាក់បីដូចជាគ្មានជំនឿលើសមត្ថកិច្ចខណ្ឌសែនសុខទាល់តែសោះព្រោះមួយរយៈពេលចុងក្រោយនេះបទល្មើកើតឡើងជាប់ៗគ្នា ហើយជនល្មើសក្រោយធ្វើសកម្មភាពហើយអាចគេចខ្លួនដោយសុវត្ថិភាពទាំងថ្ងៃទាំងយប់ដូចជា ឆក់ ប្លន់ គាស់ផ្ទះ លួចកាច់សោកម៉ូតូជាដើម ហើយគេមិនដែលឃើញសមត្ថកិច្ចចាប់បាននោះទេ តែបើចាប់បានវិញបានតែចោរតូចតាចតែប៉ុណ្ណោះ៕ តុង សីហា