ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនយុវជន២នាក់ ដោយមានកាំបិតបុ័ងតោនៅជាប់ខ្លួន១ដើម ខណៈដែលពួកគេជិះម៉ូតូចូលទៅកន្លែងសមត្ថកិច្ចខណ្ឌ៧មករា កំពុងឆែកឆេររកអាវុធជាតិផ្ទុះ និងជាតិអាកុល ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផាត សុភក្រ័ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅម្តុំគីរីរម្យ និង ឈ្មោះ ញ៉េប ពន្លឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅជាមួយគ្នា ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹង ថា កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានដាក់កន្លែងព្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុល នៅពេលយប់នៅចំណុចខាងលើ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-3992 ឌុបគ្នា បានជិះចូលកន្លែងព្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុល ក៏ត្រូវកម្លាំងសមត្ថកិច្ច ក៏បានឆែកឆេរលើខ្លួនយុវជនទាំង២នាក់ខាងលើក៏រកឃើញ កាំបិតបុ័ងតោ១ដើមនៅជាប់ខ្លួនផងដែរ ភ្លាមៗនោះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
យុវជនខាងលើបានប្រាប់ថា ការដាក់កាំបិតបុ័ងតោជាប់ខ្លួន ដោយសារមូលហេតុដោយសារពួកគេខឹងនឹងមនុស្សមួយក្រុមយកដុំថ្មគប់ចូលមកកន្លែងធ្វើការរបស់ពួកគេ នៅហាងកាត់សក់ នៅម្តុំគីរីរម្យ ក៏ដាក់កាំបិតបុ័ងតោជាប់ខ្លួន ហើយជិះម៉ូតូតាមរកមនុស្សមួយក្រុមនោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុ យុវជនទាំង២នាក់ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមច្បាប់៕ ស រស្មី