ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនហ្គោល នឹងកម្ពុជារៀបចំការប្រកួតកីឡាវាយកូនហ្គោលដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៧ដោយបានប្រសិទ្ធនាមថា “វាយកូនហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី ២០១៧” នឹងធ្វើពេញមួយថ្ងៃទី១២ ខែ មេសាខាងមុខនៅលើទីលាន Angkor Golf Resort ខេត្តសៀមរាប ។ នេះបើតាម ការប្រកាសឲ្យដឹងពីលោក ជា បូរ៉ា រដ្ឋ លេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីប្រាប់ពីគោលបំណងនៃការរៀបចំព្រឹត្តិ ការណ៍នេះឡើងដើម្បីស្វែងរកកីឡាករ ល្អៗ ដែលមានសមត្ថភាពសម្រាប់ឆ្ពោះទៅឆ្នាំ២០២៣ និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
លោក ជា បូរ៉ា បានបញ្ជាក់ថា ការប្រកួតបើកទូលាយក្នុងនោះកីឡាករជំនាញដែលជាជនបរទេសរស់នៅកម្ពុជាក៏អាចចូលរួមប្រកួតបានដែរ ។ ព្រឹត្តិការណ៍ប្រកួតវាយ កូនហ្គោលដណ្តើមពានរង្វាន់សម្តេចតេជោ គឺជាព្រឹត្តិការណ៍ថ្មីប្រចាំឆ្នាំមួយបន្ថែមទៀតដោយកីឡាករវ័យចំណាស់ដែលចង់ចូលរួមការប្រកួតត្រូវបង់សិទ្ធិចូលប្រកួត ចំនួន១៥០ដុល្លារ រីឯកីឡាករជំនាញបង់សិទ្ធិចូលប្រកួតចំនួន១៨០ដុល្លារ។ ចំពោះ ថ្លៃបង់សិទ្ធិចូលប្រកួតនេះគឺសម្រាប់ថ្លៃអាហារ២ពេលនិងថ្លៃទីលានប្រកួត ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដណ្តើមពានរង្វាន់សម្តេចតេជោឆ្នាំ២០១៧នេះគឺជាឱកាសមួយសម្រាប់ កីឡាករជម្រើសជាតិកម្ពុជាបានសាកល្បងសមត្ថភាពរបស់ខ្លួនដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស ។ លោកបានបន្តថា ចំពោះ កីឡាករកីឡាការិនីដែលខិតខំហ្វឹកហាត់តែមិនបានចូលរួមប្រកួតគឺស្មើនឹងមិនបានលើកទឹកចិត្តឲ្យពួកគេបានបញ្ចេញសមត្ថភាព។ ដូច្នេះកីឡាករត្រូវតែមានការប្រកួតទើបរីកចម្រើននូវគុណផលព្រោះកីឡាករបើគ្មានការប្រកួតទេគឺមិនមានការអភិវឌ្ឍសមត្ថភាពឡើយ ។
លោក សុខ សុធារ៉ា ប្រធានក្រុមហ៊ុន ពិស្ណុកាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះបានអះអាងថា ក្រុមហ៊ុនលោកបានជួយ ឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះហើយប្រសិន បើមានសប្បុរសជនណាចូលរួមបរិច្ចាគក្នុងគោលដៅមនុស្សធម៌តាមរយៈព្រឹត្តិការណ៍នេះគឺលោកយកទៅសម្រាប់ជួយការងារ មនុស្សធម៌ ៕ សារីម