ភ្នំពេញ៖ ឡចំរាញ់ប្រេងខ្មៅដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមានទីតាំងក្នុងដីឡូតិ៍មួយកន្លែង បានឆេះចេញជាអណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញអន្តរាគមន៍ បន្ទាប់ពីមន្ទីរបរិស្ថានក្រុងនិងអាជ្ញាធរខណ្ឌឫស្សីកែវចុះបិទតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានមួយថ្ងៃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០ នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ចំងាយប្រហែល២០០ម៉ែត្រខាងជើងភូមិគ្រឹះលោកសុផារ៉ា ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ ។
តាមសម្ដីអ្នកដែលឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេឃើញអណ្តាតភ្លើងឆាបឆេះចេញពីឆ្នាំងចំរាញ់ប្រេងខ្មៅ ភ្លាមៗនោះកម្មករដែលដេកនៅក្បែរនោះបានផ្អើលឆោឡោប្តឹងសមត្ថកិច្ចឲ្យជួយទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យដើម្បីឲ្យជួយមកអន្តរាគមន៍ ។
ពេលនោះគេឃើញរថយន្តពន្លត់អគ្គិភ័យមួយចំនួនមកដល់ទីតាំងនោះតែមិនអាចបាញ់ពន្លត់បានទេដោយសារតែក្នុងខ្ទះនោះគឺជាប្រេង ពេលដែលយើងបាញ់ទៅគឺប្រេងឆាបឆេះកាន់តែខ្លាំងឡើងៗ។ រហូតទាល់តែមេបញ្ជាការក្រុមពន្លត់អគ្គិភ័យមកដល់ ទើបរៀបវិធីសាស្រ្តបាញ់ពន្លត់ទើបរលត់ ។ លោកមេបញ្ជាការបានប្រាប់ថា ការឆេះប្រេងនេះ មិនចេះតែបាញ់ទេ បើយើងគ្មានវិធីសាស្ត្របាញ់គឺអាចបង្កគ្រោះថ្នាក់ឆាបឆេះថែមទៀតបាន ។
ក្រោយពេលកើតហេតុអគ្គិភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃដដែល ដោយប្រើទឹកអស់ចំនួន៥ឡាន ចំណែកសម្ភារដែលខូចខាតគឺខ្ទះចំរាញ់ប្រេងមួយ ចង្ក្រានថ្មមួយ ។
គេមិនទាន់ដឹងពីមូលហេតុពិតនៃការឆាបឆេះឡចំរាញ់ប្រេងនោះទេ ប៉ុន្តែតាមការសន្និដ្ឋានរបស់អាជ្ញាធរនិងសមត្ថកិច្ចបញ្ជាក់ថា គឺអាចបណ្តាលមកពីការចំរាញ់ប្រេងខុសលក្ខណៈបច្ចេកទេស ។
លោកសន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ឡចំរាញ់ប្រេងមួយនេះគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹមត្រូវនោះទេ ដូច្នេះការដុះភ្លើងចំរាញ់វាខុសលក្ខណៈបច្ចេកទេសទាំងស្រុង ទើបបង្កជាអគ្គិភ័យកើតឡើងបែបនេះ ។
អភិបាលខណ្ឌឫស្សីកែវ លោកជា ពិសី ដែលចុះទៅជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នោះបានមានប្រសាសន៍ថា ទីតាំងឡចំរាញ់ប្រេខ្មៅនេះគឺមិនមានអ្វីការពារគ្រប់គ្រាន់តាមស្តង់ដារត្រឹមត្រូវនោះទេបានជះក្លិនសាយភាយផ្សែងនិងកាកសំណល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ ហើយពួកគាត់ក៏បានប្តឹងទៅមន្ទីរបរិស្ថានក្រុងកាលពីពេលកន្លងមក ។
លោកបន្តថា ក្រោយពីមានពាក្យបណ្តឹង មន្ទីរបរិស្ថានបានសហការជាមួយអាជ្ញាធរចុះបិទអាជីវកម្មឡចំរាញ់ប្រេងខ្មៅនេះកាលពីព្រឹកថ្ងៃទី២២ខែមីនា ស្រាប់តែយប់ថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៧ ក៏ត្រូវភ្លើងឆេះតែម្តង ។
ទីតាំងខាងលើនេះបានធ្វើអាជីវកម្មយូរមកហេីយនិងគ្មានច្បាប់ទម្លាប់ឡេីយ ៕ អារុណរះ